ភ្នំពេញ ៖ ក្រោយចេញលទ្ធផលឲ្យក្រុមអាជី និងអាម៉ី រួចខ្លួន ដោយគ្រាន់តែឲ្យសុំទោស និងធ្វើកិច្ចសន្យា៨ចំណុចបញ្ចប់រឿង ជាហេតុធ្វើឲ្យមហាជនផ្ទុះការរិះគន់កាន់តែខ្លាំងឡើង ដោយចោទឡើងចំៗថា អ្នកក្រធ្វើខុសត្រូវជាប់គុគ ចំណែកអ្នកមានលុយ ឬ អំណាចបុណ្យស័ក្តិវិញ គឺច្បាស់ណាស់រួចខ្លួន។
ជាក់ស្តែង ដូចជាករណីបុគ្គលលោក ហេង យិន (ហៅចំប៉ីខ្មៅ) ដែលក៏បានប្រព្រឹត្តទង្វើរមើលងាយពូជសាសនា ដូចគ្នានេះផងដែរ គឺត្រូវជាប់ពន្ធធនាគារ ២ ឆ្នាំ ដែលនេះសបញ្ជាក់ឲ្យឃើញថា មកពីចំប៉ីខ្មៅ គ្មានខ្សែ គ្មានលុយ។
ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនេះផងដែរ ឯកឧត្តម ហ៊ុន ជា ដែលក៏ធ្លាប់ឈឺចាប់ និងចេញមុខសម្ភាសន៍សួរផ្ទាល់មាត់ ទៅនឹងទង្វើររបស់ចំប៉ីខ្មៅ រហូតចំណាត់ការផ្លូវច្បាប់មានប្រសិទ្ធភាព បានបង្ហោះសារឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការងារនេះឡើងវិញយ៉ាងដូច្នេះថា៖ «មិនថាខមិន រឺឆាតមកផ្ទាល់ដល់រូបខ្ញុំ គឺសឹងតែ 99% ដែលចង់អោយមានភាពស្មើគ្នាចំពោះមុខច្បាប់ ហើយមិនមែន ដុតអោយខ្លោច រោលអោយឆៅនោះទេ គ្រាន់តែចង់អោយមានយុត្តិធម៌ដល់ខ្មែរគ្រប់គ្នា។
ក្នុងនាមខ្ញុំក៏ជាប្រជាជនខ្មែរមួយរូបដែរ សុំសំណូមពរ និងសង្ឃឹមយ៉ាងមុតមាំថាក្រសួងដែលមានសមត្ថភាពពាក់ព័ន្ធក្នុងរឿងទុំទាវ2021 ដែលអាចមាន :
1. ក្រសួងព័ត៌មាន
2. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
3. ក្រសួងធម្មការ និងសាសនា
4. ក្រសួងអប់រំ
មេត្តាត្រួតពិនិត្យឡើងវិញនូវកំហុសឆ្គងដែលមានចេតនាគ្រោងទុកនេះឡើងវិញ ពោលគឺកុំឲ្យរាស្ត្រគិតថា ច្បាប់លំអៀង ហើយច្បាប់អនុវត្ត គឺមានសម្រាប់អ្នកក្រ និងអ្នកមាន។
មន្ដ្រីធ្វើ រាស្ត្ររងចាំមើល ពីពលរដ្ឋខ្មែរមួយរូបដែលស្រឡាញ់ខ្មែរ»។
ចំណែកលោក ផែង វណ្ណៈ វិញក៏បានបង្ហោះសារប៉ុន្មានឃ្លាបែបសើចចំអកដល់ក្រសួងវប្បធម៌ ថា៖ «ចំប៉ីខ្មៅ ជាកូនកសិករក្រីក្រ និយាយ ខុសត្រូវ ចាប់បញ្ជូនទៅ ដាក់ពន្ធនាគារ ។ ចំណែកក្រុមនិពន្ធ និង ដឹកនាំសំដែងរឿងទុំទាវ បំភ្លៃ អក្សរសិល្ប៍ខ្មែរ បំផ្លាញសាសនា តែ គេមានលុយ ឪពុកគេពាក់ផ្កាយ ៣ មានមន្ត្រី រត់ការឆ្វេចឆ្វាច ត្រឹមតែ សុំទោស និងធ្វើ កិច្ចសន្យាត្រលប់ទៅផ្ទះ វិញ។
អរគុណ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំធ្វើ ការឲ្យមហាជនមើលឃើញកាន់តែច្បាស់ថា កម្ពុជា ច្បាប់មានស្តង់ដារ២។ មានលុយ មានបុណ្យស័ក្ដិ ធ្វើ ខុសយ៉ាងណាក៏គ្មានទោសដែរ។ ចំណែកអ្នកក្រីក្រ អត់លុយ អត់បុណ្យស័ក្ដិ សូម្បីតែញញឹម ក៏គេថាខុសដែរ »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង