ក្មេងប្រុសម្នាក់ រស់នៅក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា បានកើតមកជាមួយជំងឺដ៏អាថ៌កំបាំងមួយសម្រាប់វេជ្ជសាស្ត្រ ដែលធ្វើឲ្យថ្ងាសរីកធំ និងភ្នែកលិបជ្រៅ ។ ស្ថានភាពដ៏កម្រនេះ បង្កឲ្យរូបរាងរបស់ក្មេងប្រុសនេះ ត្រូវបានគេប្រដូចទៅនឹងព្រះហិណ្ឌូ “Ganesha” ដែលធ្វើឲ្យអ្នកស្រុកជឿថាក្មេងប្រុសនេះគឺជាអ្នកឲ្យពរជ័យដ៏ស័ក្ខិសិទ្ធ ។
Pranshu បើទោះជាពុំអាចដើរបានល្អប្រសើរ ត្រូវបានគេជឿថាជា «គ្រូទាយតូច» និងបានដាក់ឈ្មោះថា «ព្រះ Ganesha» ។ រៀងរាល់ថ្ងៃព្រហស្បតិ៍ Pranshu បានជួបជាមួយអ្នកគោរពបូជា នៅខាងក្រៅវិហាអ៊ិស្លាមក្បែរភូមិ ខណៈឪពុករបស់គាត់បានសម្រេចមិនអនុញ្ញាតឲ្យអ្នកមានជំនឿសាសនា ចូលក្នុងផ្ទះរបស់គាត់ ដោយសារតែពួកគេមានចំនួនចេះតែកើនឡើង ។
Jaswiner អ្នកភូមិម្នាក់ដែលមកជួប Pranshu បាននិយាយថា៖ «មនុស្សម្នាបានមកជួប Pranshu ព្រោះតែពួកគេជឿថា ក្មេងប្រុសចម្លែកនេះគឺជាមនុស្សចាប់កំណើតរបស់ Ganesha ។ ពួកគេបានបង្ហាញកាយវិការឱនលំទោន ចំពោះ Pranshu ហើយខ្ញុំក៏ធ្វើដូច្នេះដែរ» ។
ឪពុករបស់ Pranshu លោក Kamlesh ក៏បានជឿថា កូនប្រុសរបស់គាត់ មិនដូចក្មេងដទៃទេ ។
គាត់និយាយថា៖ «Pranshu គឺជាព្រះ ។ ខ្ញុំក៏ថ្វាយបង្គំរូបគេដូចជាអ្នកភូមិដទៃទៀតដែរ ។ ខ្លួនទាំងមូលរបស់គេ គឺដូចទៅនឹងព្រះ Ganasha អីចឹង» ។
«Pranshu បានផ្តល់ពរជ័យទៅដល់មនុស្សគ្រប់ៗគ្នា ។ ពួកអ្នកភូមិដែលបានមកជួបផ្ទាល់ នឹងបានទទួលយកនូវបំណងប៉ងប្រាថ្នារបស់ពួកគេរៀងៗខ្លួន» ។
ក្មេងប្រុសរូបនេះបានឲ្យដឹងថា៖ «ខ្ញុំដូចទៅនឹងព្រះ Ganesah Ji ហើយមនុស្សសូម្បីតែពុំស្គាល់ឈ្មោះពិតរបស់ខ្ញុំ ។ គ្រូៗរបស់ខ្ញុំក៏បានថ្វាយបង្គំខ្ញុំ នៅឯសាលារៀនផងដែរ ។ ហើយមិត្តៗភក្តិរបស់ខ្ញុំ អត់មានអ្នកណាម្នាក់ហ៊ានយាយីមកលើរូបខ្ញុំឡើយ ព្រោះតែពួកគេជឿថា ខ្ញុំគឺជាព្រះ Ganesha» ។
«ខ្ញុំសប្បាយចិត្ត នៅពេលដែលមនុស្សហៅខ្ញុំថា Ganesha Ji ។ វាធ្វើឲ្យខ្ញុំសប្បាយចិត្ត ។ ខ្ញុំចង់បានបែបនេះតែប៉ុណ្ណោះឯង» ។
«ខ្ញុំពេញចិត្តនឹងក្បាលធំ និងមុខមាត់របស់ខ្ញុំ» ។
គួរបញ្ជាក់ថា Pranshu ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យក្នុងតំបន់មួយ កាលពីឆ្នាំមុន បន្ទាប់ពីកើតមក ប៉ុន្តែ ក្រុមគ្រួពេទ្យពុំអាចផ្តល់រោគវិនិច្ឆ័យច្បាស់លាស់ ឬ ផ្តល់ការព្យាបាលណាមួយឡើយ ។ Kamlesh បន្ថែមថា៖ «ខ្ញុំក៏បាននាំយកគាត់ទៅជួបវេជ្ជបណ្ឌិត នៅពេលកើត ។ គ្រូពេទ្យមិនបានព្យាបាលគាត់ ហើយនិយាយថា សភាពបែបនេះកើតឡើងដោយសារការបំពុល» ៕