Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្ធដារ ដាក់ចេញ​វិធានការ​សំខាន់ៗ​១៤​ចំណុច ឈានទៅ​សម្រេច​ការប្រមូល​ចំណូល​ពន្ធ​ឲ្យ​បាន ២ ២៤៣​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១

​ភ្នំពេញ​៖ សម្រាប់​ឆ្នាំ​២០២១​នេះ លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានដាក់​ចេញ​នូវ​វិធានការ គោលនយោបាយ និង​រដ្ឋបាល​សារពើពន្ធ សំខាន់ៗ​ចំនួន​១៤​ចំណុច ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត​ការគ្រប់គ្រង ប្រមូល​ចំណូល​ពន្ធ បាន​គ្រប់​តាម​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ចំនួន ៩ ០៨៤.៤២ ប៊ី​លាន​រៀល (​ប្រមាណ ២,២៤៣.០៧ លាន​ដុល្លារ​អាមេរិក​) ។​

​លោក គង់ វិបុល វិធានការ​នេះ បានដាក់​ចេញ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ ប្រចាំ​ខែមករា ឆ្នាំ​២០២១ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​។

​លោក គង់ វិបុល បាន​ឲ្យ​ដឹងថា សម្រាប់​ឆ្នាំ​២០២១​នេះ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត​ការគ្រប់គ្រង ប្រមូល​ចំណូល​ពន្ធ បាន​គ្រប់​តាម​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ចំនួន ៩,០៨៤.៤២ ប៊ី​លាន​រៀល (​ប្រមាណ ២,២៤៣.០៧​លាន​ដុល្លារ​អាមេរិក​) អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្ត​ពង្រឹង​ការអនុវត្ត​នូវ​វិធានការ គោលនយោបាយ និង​រដ្ឋបាល​សារពើពន្ធ ដែល​រួមមាន វិធានការ​សំខាន់ៗ​ដូចខាងក្រោម​៖

​ទី​១) បន្ត​ពង្រឹង​ការអនុវត្ត ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​ការចុះបញ្ជី​អាជីវកម្ម តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន (IT Platform) ស្របតាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ ៨៤ អនក្រ​.​បក ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ និង​ពង្រឹង​ការងារ​ចុះបញ្ជី​ពន្ធដារ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស​។​

២) ផ្សព្វផ្សាយ និង​ត្រៀម​អនុវត្ត ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​វិធាន និង​នីតិវិធី​គ្រប់គ្រង​ការប្រើប្រាស់​ឧបករណ៍ វាស់​ចំណុះ​ស្រា​បៀរ និង​/​ឬ​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា ដែល​ផលិត​ក្នុងស្រុក និង​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ស្របតាម​ខ្លឹម​ការប្រកាស​លេខ ០១០ សហវ​.​ប្រក ចុះ​ថ្ងៃទី ១២ ខែមករា ឆ្នាំ​២០២១ ស្តីពី​កាតព្វកិច្ច​ដាក់​ឧបករណ៍​វាស់​ចំណុះ ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា របស់​សហគ្រាស​ផលិត​ក្នុងស្រុក​។​

៣) បន្ត​ពង្រឹង​ការងារ​ចាត់ចែង​លិខិត​ប្រកាស និង​ជំរុញ​ការអនុវត្ត​ការគ្រប់គ្រង ដាក់​លិខិត​ប្រកាស​តាម​ប្រព័ន្ធ​អន​ឡាញ (E-Filing) ជាពិសេស​សម្រាប់​ការដាក់​លិខិត ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល (Tax on Income) ប្រចាំឆ្នាំ ២០២០​។​

៤) បន្ត​លើកកម្ពស់​និង​បញ្ជ្រាប​វប្បធម៌​បង់ពន្ធ ពង្រឹង​ការផ្សព្វផ្សាយ និង​អនុ​វត្តបទ​ប្បញ្ញត្តិ​ថ្មីៗ​ពាក់ព័ន្ធ​នឹង​ពន្ធដារ ជូន​ដល់​មន្ត្រី​អនុវត្ត​ផ្ទាល់ អ្នក​ជាប់ពន្ធ និង​សាធារណជន ដើម្បី​ពន្យល់​និង​ដោះស្រាយ​ការលំបាក​និង​ចម្ងល់​របស់​ប្រជាពលរដ្ឋ ជាពិសេស ត្រៀម​រៀបចំ​សិក្ខាសាលា​ជូន​អ្នក​ជាប់ពន្ធ​ផ្សព្វផ្សាយ​ស្តីពី «​បច្ចុប្បន្នភាព​ទម្រង់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ២០២០»​។​

៥) ពង្រឹង​ការអនុវត្ត​ការប្រមូល​បំណុល​ពន្ធ និង​វិធានការ​តឹង​ទារបំណុល​ពន្ធ ជាពិសេស​បំណុល​ពន្ធ​ធំៗ​ដែលមាន​សក្តានុពល​ដោយ​កំណត់​ជា​បំណុល​អាទិភាព និង​សហគ្រាស​ស្ថិតក្នុង​វិស័យ ដែល​មិនបាន​រង​ប៉ះពាល់ ដោយសារ​ការរីក​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩​។​

៦) បន្ត និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ចែករំលែក​ទិន្នន័យ និង​អនុវត្ត​នូវ​វិធានការ​ចាំបាច់​នានា ដើម្បី​ពង្រឹង​អនុវត្ត​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​។​

៧) បន្ត​ពង្រឹង​ការចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ឆ្នាំ​២០២០ ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១​។​

៨) បន្ត​អភិវឌ្ឍ​កម្មវិធី​ប្រកាស​និង​បង់ប្រាក់​ពន្ធ​តាម​ទូរស័ព្ទដៃ (Mobile Application) សម្រាប់​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ក្នុងន័យ​ធ្វើ​ឲ្យ​ប្រសើរឡើង និង​សម្រួល​ដល់​ការប្រកាស​និង​បង់ប្រាក់​ពន្ធ​របស់​ប្រជាពលរដ្ឋ និង​សហគ្រាស​នានា​ចាប់ពី​ឆ្នាំ​២០២១ តទៅ​។

៩) បន្ត​ពង្រឹង​ការគ្រប់គ្រង​សហគ្រាស​ស្នើសុំ​ផ្អាក​បណ្តោះអាសន្ន ឬ​ស្នើសុំ​បើក​ដំណើរការ​ឡើងវិញ​។

១០) បន្ត​និង​ខិតខំ​ពង្រឹង​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ ដែលជា​កត្តា​សំខាន់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​វប្បធម៌​ពន្ធដារ ក្នុងនោះ​មានការ ជំរុញ​ការប្រើប្រាស់​កម្មវិធី ត្រួតពិនិត្យ និង​តាមដាន​ឯកសារ (Document Check and Track), រៀបចំ​កម្មវិធី «​ពន្ធដារ​កម្ពុជា​» ដោយ​ផ្សព្វផ្សាយ និង​ជួប​ជជែក​ជាមួយ អ្នក​ជាប់ពន្ធ​ផ្ទាល់ (GDT Facebook Live), សេវា​ឆ្លើយតប​តាម​ប្រពន្ធ​ទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម​។​

១១) បន្ត​ពង្រឹង និង​ជំរុញ​ការងារ​អង្កេត​អចលនទ្រព្យ និង​ការចុះបញ្ជី​អាជីវកម្ម នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា ដើម្បី​ចុះបញ្ជី​និង​ធ្វើ​បច្ចុប្បន្នភាព ក្នុង​គោលដៅ​ពង្រឹង​សេវា​ជូន​អ្នក​ជាប់ពន្ធ​។​

១២) បន្តការងារ​កំណែទម្រង់​ធនធានមនុស្ស ដោយ​ជំរុញ​និង​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវមាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ ក្នុង​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ និង​ការគ្រប់គ្រង​ប្រមូល​ចំណូល​។​

១៣) បន្ត​ពង្រឹង​ការអនុវត្ត ឲ្យ​មាន​ប្រសិទ្ធិភាព​នូវ​វិធានការ​អន្តរាគមន៍​ប​ន្ទា​ន់ របស់​រាជរដ្ឋាភិបាល ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍​, វិស័យ​អាកាសចរ​, វិស័យ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ​, និង​វិស័យ​កា​ម្មន្ត​សាល​ទូទៅ និង​វិធានការ​អន្តរាគមន៍​នានា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​។​

១៤) បន្ត​អនុវត្ត​វិធានការ​ចាំបាច់​នានា ដូច​មានកំណត់​ក្នុង​សារាចរ​ណែនាំ ស្តីពី​ការអនុវត្ត​ច្បាប់ ស្ដីពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១ និង​បន្ត​អនុវត្ត​ប្រកប ដោយ​ការយកចិត្តទុកដាក់ នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ឆ្នាំ​២០១៩-២០២៣៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×