ភ្នំពេញ ៖ បុរសជនជាតិជប៉ុន ដែលសារព័ត៌មានបានចុះផ្សាយថាដើរស្នាក់នៅតាមសួនសាធារណៈ ត្រូវបានសមត្ថកិច្ចរកឃើញ ហើយបានរៀបចំឯកសារតាមនីតិវិធី បញ្ជូនឲ្យស្ថានទូតជប៉ុននៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ។
បន្ទាប់ពីបានឃើញការចុះផ្សាយតាមសារព័ត៌មាននានាលើបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់សមត្ថកិច្ចជំនាញការិយាល័យស៊ើបសង្អេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ បានធ្វើការចុះស្រាវជ្រាវរកបុរសជនជាតិជប៉ុន និងបានរកឃើញបុរសជនជាតិជប៉ុនឈ្មោះ Gen Kubuta អាយុ៤១ឆ្នាំ នៅម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចសួនមុខវត្តបទុម ។ បន្ទាប់មកសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំគាត់ទៅពិនិត្យសុខភាពដើម្បីធ្វើតេស្តរកមេរោគCovid-19 នៅមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈរាជធានីភ្នំពេញ ជាលទ្ធផលគឺអវិជ្ជមាន ។
ជាក់ស្តែងបុរសជនជាតិជប៉ុនរូបនេះ បានចូលមកព្រះរាជាណាចក្រកម្ពុជាតាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នពេញ និងដោយវីសាហួសសុពលភាព ហើយខ្វះខាតថវិកា ទើបមិនអាចត្រឡប់ទៅប្រទេសជប៉ុនវិញបាន ។
បន្ទាប់ពីធ្វើការសាកសួរ និងពិនិត្យសុខភាពរួចរាល់ នៅវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចក៏បានបញ្ជូនជនជាតិជប៉ុនរូបនេះ ទៅឲ្យស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ៕ រក្សាសិទ្ធិដោយ៖សួង សាម