ភ្នំពេញ ៖ រថយន្តដឹកដែកមួយគ្រឿង ដឹកផ្ទុកលើសចំណុះសំពីងសំពោងច្រើនពេក បើកឡើងទួលមិនរួចក្រឡប់ផ្ងារជើងឡើងលើ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកូរ៉េ ម៉ាក KIA មួយគ្រឿងពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2AD-1330 ដឹកដែកអេតចាយ បើកឆ្លងពីផ្លូវជាតិលេខ៤ កាត់តាមផ្លូវបេតុងក្នុងភូមិ ខណៈដែលឡើងទៅផ្លូវជាតិលេខ៣ ស្របពេលដែលក្រុមហ៊ុនចិន កំពុងចាក់ថ្ម ស្ថាបនាផ្លូវ រថយន្តបើកឡើងទួល ដោយសារដឹកធ្ងន់ ឡើងមិនរួចបែជាក្រឡាប់ផ្ងារជើងតែម្តង សំណាងល្អអ្នកបើកបរមិនមានរងរបួស ហើយក៏មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ ឃើញថា ករណីក្រឡាប់រថយន្តខាងលើនេះ មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃ និងមិនបណ្តលឲ្យខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ ទើបឲ្យម្ចាស់ហៅរថយន្តស្ទូចមកលើកឡើងវិញ យកទៅជួសជុលដោយខ្លួនឯង ៕ រក្សាសិទ្ធិដោយ៖សួង សាម