ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។
ជាការចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលទោះជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានការកើនឡើងកាលពីឆ្នាំកន្លងទៅ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦ កន្លងទៅ ដែលក្រោយមកវិស័យកម្មសិទ្ធិបញ្ញាមានការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ ដែលថ្មីៗនេះកម្ពុជាបានចូលនិងកំពុងសិក្សាចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចសម្រួលពាណិជ្ជកម្ម ដែលថ្មីៗនេះ បានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធព័ត៌មាន (CamDX) សំដៅសម្រួលការចុះបញ្ជីពអាជីវកម្ម និងទាក់ទាញវិនិយោគបន្ថែមទៀត។
នៅក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផងដែរអំពីលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យឌីជីថល ការងារអាទិភាពផ្សេងទៀតពាក់ព័ន្ធនឹងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ