ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញជ័រកៅស៊ូ បានចំនួន ៥២.៧១១តោន កើនឡើង ៩% ធៀបខែមករា ឆ្នាំ២០២០ ខណៈដែលទទួលបានចំណូលបានពីវិស័យមួយនេះជិត ៨៥លានដុល្លារអាមេរិក។
បច្ចុប្បន្នកម្ពុជា មានផ្ទៃដីផលិតផលជ័រកៅស៊ូចំនួន ៤០៤.១៥៩ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន ២៩២.៤៩៧ហិកតា ស្មើនឹង ៧២ភាគរយ និងផ្ទៃដីថែទាំមានចំនួន ១១១.៦៦៣ហិកតា ស្មើនឹង២៨ភាគរយ។
ក្នុងខែមករានេះ តម្លៃជ័រកៅស៊ូជាមធ្យមមានតម្លៃ ១.៦០៣ដុល្លារ ក្នុង ១តោន។ ដូច្នេះចំណូលបានពីការនាំចេញជ័រកៅស៊ូ ក្នុងខែមករា ឆ្នាំ២០២១នេះ មានចំនួន ៨៤,៤៩លានដុល្លារអាមេរិក។
សូមជម្រាបថា ជ័រកៅស៊ូកម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ដោយនៅក្នុងឆ្នាំ២០២០កន្លងទៅ ប្រទេសកម្ពុជា បាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារអាមេរិក៕
រក្សាសិទ្ធិដោយ៖CEN