ភ្នំពេញ ៖ បើតាមប្រភពច្បាស់ការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានឲ្យដឹងថា បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងទៅលើទង្វើរបស់ លោក ឈួន សោភា ប្រធានគយចល័តតំបន់ ៥ ចាប់រថយន្តអង្គភាពយោធាការពារព្រំដែន រហូតបណ្ដាលឲ្យទាហានការពារព្រំដែន ម្នាក់តូចចិត្តរត់ទៅចងកសម្លាប់ខ្លួននោះ ពេលនេះថ្នាក់លើបានដកលោក ឈួន សោភា ឡើងមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីស៊ើបអង្កេតរកឲ្យឃើញរឿងពិត ។
ប្រភពបានឲ្យដឹងទៀតថា លោក យឹម ផល្លី អនុប្រធានគយចល័តតំបន់៥ ត្រូវបានថ្នាក់លើតែងតាំង ឲ្យឡើងជាប្រធានស្ដីទីជំនួសលោក ឈួន សោភា ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួងការពារជាតិបានបញ្ជូនក្រុមការងារមួយក្រុម ចុះទៅស្រាវជ្រាវករណីទាហាន ការពារព្រំដែន៥០៣ ចងកសម្លាប់ខ្លួន ដោយសារតែតូចចិត្តចំពោះលោក ឈួន សោភា ចាប់រថយន្តអង្គភាព ។ ក្រុមការងារបានបញ្ចប់ ការងារស្រាវជ្រាវនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានរកឃើញថា រថយន្តដែលគយចល័តតំបន់៥ ចាប់នោះគឺពិតជារថយន្តអង្គភាព ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិប្រាកដមែន ។
ក្រុមការងារនឹងធ្វើរបាយការណ៍ គោរពរាយការណ៍ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីពិនិត្យសម្រេច ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ