ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះនៅទីស្តីការក្រសួង បានថ្លែងពីការកើនឡើងសត្វត្រយ៉ងដែលជាសត្វបក្សីកម្រ និងការរៀបចំបង្កើតឧទ្យានជាតិកោះរ៉ុងដែលរដ្ឋាភិបាលបានដាក់ចេញតាមរយៈសំណើក្រសួងបរិស្ថាន។
លោករដ្ឋមន្ត្រីក្រសួងនេះ បានផ្តោតសំខាន់លើការការពារប្រកបដោយភាពជោគជ័យចំពោះបក្សីត្រយ៉ង។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការប្រឹងប្រែង និងការគិតគូរបស់ក្រសួងក្នុងការថែរក្សាអភិរក្សព្រៃឈើ គឺជាការរក្សាបាននៅតំបន់ជីវិតសត្វទាំងឡាយក្នុងតំបន់ការពារដែលមានតម្លៃទាំងជីវសាស្ត្រ និងសេដ្ឋកិច្ចសម្រាប់សហគមន៍ទូទៅ។
លោករដ្ឋមន្ត្រីបានលើកឡើងថា៖ “ពិតហើយ យើងនិយាយថាយើងអភិរក្សសត្វត្រយ៉ង ប៉ុន្តែយើងមិនមែនរក្សាត្រឹមតែសត្វត្រយ៉ងប៉ុណ្ណោះទេ យើងអភិរក្សព្រៃទាំងអស់ និងសត្វទាំងអស់ដែលនៅក្នុងទីនោះ។ ការប្រឹងប្រែង និងការគិតគូរបស់ក្រសួងគឺចង់ឱ្យប្រជាពលរដ្ឋទូទៅយល់ពីតម្លៃជីវសាស្ត្រ និងតម្លៃសេដ្ឋកិច្ច ដោយសារតែសត្វកម្រត្រយ៉ងនេះហើយ បានជាអេកូតំបន់ទេសចរណ៍តំបន់នោះមានភាពរស់រវើក និងចាប់ផ្តើមចាក់ឬសនៅទីនោះ”។
កត្តាអំណោយផលលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ ស្ថេរភាព គឺជាចំណុចចលករដ៏សំខាន់ដែលជំរុញឱ្យការអភិរក្សតាមរយៈការទស្សនារបស់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិដែលបានធ្វើដំណើរដោយសេរីភាពទៅកាន់តំបន់អភរិក្សនៅទូទាំងប្រទេស។ បើតាមការបញ្ជាក់ពីអង្គការ BirdLife សត្វត្រយ៉ងចង្កំកសមានវត្តមាននៅកម្ពុជាចន្លោះពី៦៤៦ក្បាលទៅ៩៩៣ក្បាល ពីឆ្នាំ២០១៣-ឆ្នាំ២០១៧៕ ដោយ៖បញ្ញាស័ក្តិ