ភ្នំពេញ ៖ ក្រុមសន្តិសុខផ្សារទំនើបស៊ីធីម៉ល បានដេញតាមចាប់ជនសង្ស័យម្នាក់នៅក្នុងបន្ទប់ទឹកបន្ទាប់ពីរូបគេ ច្របាច់.ក និង វាយស្ត្រីសម្អាតអនាម័យម្នាក់ដើម្បីប្លន់យកទូរស័ព្ទដៃ។
ហេតុការណ៍នេះកើតឡើង នៅផ្សារទំនើបស៊ីធីម៉ល សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សន្តិសុខផ្សារបានឱ្យដឹងថា៖ នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ វ៉ាន់ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរសម្អាតអនាម័យ នៅផ្សារស៊ីធីម៉ល បានចូលក្នុងបន្ទប់ទឹកបត់ជើង។
ពេលនោះស្រាប់តែមានជនសង្ស័យ ឈ្មោះ សុខ តូលី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបររត់តុនៅច្បារអំពៅ ។
បានស្ទុះមកច្របាច់ ក ស្ត្រីរងគ្រោះនិងវាយយកទូរស័ព្ទពីជនរងគ្រោះ រួចរត់គេចខ្លួន តែត្រូវបានសន្តិសុខផ្សារ ដេញព័ទ្ធស្ទាក់ បណ្ដាលឱ្យជននោះទៅលាក់ខ្លួនសម្ងំនៅក្នុងបង្គន់ ទើបសន្តិសុខចាប់ខ្លួនបានមកវិញ។
ជនសង្ស័យ ត្រូវបានធ្វើតេស្តរកសារធាតុញៀន ដោយលទ្ធផល គឺ វិជ្ជមាន ដែលពេលនេះ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាចាត់ការកសាងសំណុំរឿងតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សួង សាម