ភ្នំពេញ ៖ នាថ្ងៃពុធទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើគម្រោងវិនិយោគផ្តល់ដោយសហព័ន្ធរុស្ស៊ី សំដៅត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃក្រុមការងារជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង វិស័យឯកជនប្រមាណ ៣០រូប។
ឯកឧត្តមប្រធាន បានជម្រាបជូនអង្គប្រជុំឱ្យបានជ្រាបអំពីសាវតានៃគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី ចំនួន 0៥ រួមមាន៖ (១) ផលិតកម្មដំបូលស៊ីប្រូ និងបំពង់លូ (២) ផលិតកម្មតម្លើងរថយន្តដឹកទំនិញម៉ាក KAMAZ និង បណ្តាញផ្តល់សេវាកម្ម (៣) ការផ្គត់ផ្គង់ឧបករណ៍ដុតកាកសំណល់រឹង (៤) ការផលិតល្បាយអ៊ីសូឡង់ការពារកម្តៅបានមកពីអង្កាម និងចំបើង និង (៥) ការផ្គត់ផ្គង់ឧបករណ៍បណ្តាញ GPON (Gigabit Passive Optical Networks) និង Network សម្រាប់ប្រព័ន្ធបណ្តាញអ៊ីនធឺណេតល្បឿនលឿន។
គម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ីនេះ នឹងផ្តល់នូវឱកាសធុរកិច្ចថ្មីសម្រាប់វិស័យឯកជនរបស់ភាគីទាំងពីរក្នុងការចូលរួមអនុវត្តគម្រោងវិនិយោគខាងលើ សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ថ្វីត្បិតតែនៅក្នុងបរិការណ៍កូវីដ-១៩ក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងរុស្ស៊ី នៅតែមានភាពល្អប្រសើរ ។ ជាក់ស្តែង ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងប្រមាណ ១៥% ពី ៥៥,៣៦ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ទៅ ៦៣,៨១ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ។ ម្យ៉ាងវិញទៀត តាមរយៈកិច្ចប្រជុំលើកទី២ នៃក្រុមការងារជាន់ខ្ពស់ជំរុញគម្រោងវិនិយោគ កម្ពុជា-រុស្ស៊ី នាពេលខាងមុខ នឹងអាចផ្តល់ឱកាសក្នុងការចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-រុស្ស៊ី។
ជាកិច្ចបញ្ចប់ អង្គប្រជុំបានបង្ហាញនូវការគាំទ្រ និងបេ្តជ្ញាចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង រុស្ស៊ី លើការអនុវត្តគម្រោងវិនិយោគអាទិភាពរួម ដែលនឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ តាមរយៈការផ្ទេរនូវបច្ចេកវិទ្យា វិធីសាស្ត្រគ្រប់គ្រង និងការបង្កើតនូវឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ