កំពង់ចាម ៖ អង្គការផេកខេមបូឌាំ(Pact Cambodia)បានធ្វើការពង្រឹកគម្រោងសហគ្រិននារីសកម្ម តាមរយៈការបើកការិយាល័យរបស់ខ្លួននៅខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១កន្លងមកនេះ ដើម្បីបណ្តុះបណ្តាលដល់នារីខ្មែរ ឲ្យមានភាពសកម្មក្នុងវិស័យសហគ្រិន នៅតាមបណ្តាលខេត្តនានា។
យោងអង្គការ(ផាក)បានបញ្ជាក់ពិធីនេះ មានការចូលរួមពីប្រមាណ៤០នាក់ ពីសាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាល ដៃគូ យុវជន អាជ្ញាធរខេត្តដែលមកពីមន្ទីរព័ត៌មាន និងមន្ទីរអប់រំ យុវជន និងកីឡា។
អង្គការ (Pact Cambodia)បានបញ្ជាក់ថា ការបើកការិយាល័យនាពេលនេះនឹងផ្តល់ភាពជាវិជ្ជមាន ដល់សហគ្រិនស្ត្រីវ័យក្មេងឱ្យបានកាន់តែច្រើន នាពេលបច្ចុប្បន្ននេះ គម្រោងសហគ្រិននារីសកម្ម (WE Act) បានពង្រីកការិយាល័យគម្រោងទៅដល់ខេត្តកំពង់ចាម ដើម្បីគាំទ្រដល់សហគ្រិនស្ត្រីវ័យក្មេង និងយុវជននៅក្នុងខេត្តមួយនេះ។
លោកស្រី Hanh Nguyen នាយិកាស្ដីទីនៃបេសកកម្មទីភ្នាក់ងារអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ប្រចាំកម្ពុជា បានថ្លែងថា សេវាជាច្រើនសម្រាប់សហគ្រិនវ័យក្មេងកម្ពុជាមានតែនៅរាជធានីភ្នំពេញ។ ស្ត្រី និងបុរសត្រូវធ្វើដំណើរផ្លូវឆ្ងាយដើម្បីទទួលបានអត្ថប្រយោជន៍ពីជំនួយបែបនេះ។
លោកស្ត្រីថ្លែងថា ៖«តាមរយៈការិយាល័យគម្រោងសហគ្រិននារីសកម្ម (WE Act) នៅថ្នាក់ខេត្ត ទីភ្នាក់ងារ USAID បាននាំមកនូវសេវាទាំងនេះនៅខេត្តសៀមរាប ខេត្តបាត់ដំបង និងការបើកការិយាល័យគម្រោងនេះនៅខេត្តកំពង់ចាម។ នៅចុងខែនេះ WE Act ក៏នឹងផ្តល់ជូនសេវានៅខេត្តកំពត និងខេត្តព្រះសីហនុផងដែរ»។
គម្រោងសហគ្រិននារីសកម្ម គឺជាគម្រោងរយៈពេល ៥ ឆ្នាំដែលអនុវត្តដោយអង្គការផេកកម្ពុជា និងឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីគាំទ្រដល់ស្ត្រីវ័យក្មេងនៅតាមទីប្រជុំជននានាក្នុងប្រទេសកម្ពុជាដើម្បីទទួលបានសិទ្ធិសេដ្ឋកិច្ចសង្គមរបស់ពួកគេ និងយល់ដឹងពីមាគ៌ាឆ្ពោះទៅរកការផ្តល់សិទ្ធិអំណាច និងភាពជោគជ័យក្នុងនាមជាសហគ្រិន និងអ្នកដឹកនាំនៅក្នុងសហគមន៍របស់ពួកគេ។
គម្រោង WE Act មានមោទកភាពដែលទទួលបានការគាំទ្រពីអាជ្ញាធរខេត្ត ដោយពិធីនេះមានវត្តមានលោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងលោកស្រី ឯម ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម បានចូលរួម៕ រក្សាសិទ្ធិដោយ៖CEN