Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ឆក់​យ៉ាងសកម្ម​តាមផ្លូវ​សាធារណៈ​ឆ្លងខេត្ត ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ព្រៃនប់ បង្ក្រាបបាន​ភ្លាមៗ​ចំនួន​៤​នាក់

​កណ្តាល ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បណ្តាញសារព័ត៌មាន​បាន​បង្ហោះ វីដេអូ ករណី​លួច (​ឆក់​ទូរ​សព្ទ ) នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ នៅមុខ​រោងចក្រ ញូ​អាក​ឃី​ត និង​នៅ​ស្រុក​ព្រៃនប់​មក​នោះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ចំនួន​៤​នាក់ នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​។

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ដោយមាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក អង្គស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល បាន​ប្រើប្រាស់​វិធានការ​ជំនាញ ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ តាមរយៈ​សាក្សី​ជុំវិញ​កន្លែងកើតហេតុ និង​តាមរយៈ​ផ្លាកលេខ​ម៉ូតូ​របស់​ជនសង្ស័យ​ធ្វើ​សកម្មភាព ទទួលបាន​លទ្ធផល​ឱ្យដឹងថា​៖
​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​) កើតហេតុ​ថ្ងៃទី​១៣ ខែ​កម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​១៥​នាទី នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៤ មុខ​រោងចក្រ ញូ​អាក​ឃី​ត ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែលមាន​ជនរងគ្រោះ​០២​នាក់ ស្រី​០១ នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ ទាក់ទង​ពុំបាន​។​

​ជនសង្ស័យ​ចំនួន​០៤​នាក់ (​ឃាត់ខ្លួន​) នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ គឺ​១.​ឈ្មោះ រឿន ភា​រះ ភេទ ប្រុស អាយុ ២១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទី​លំ នៅ​ភូមិ​ព្រៃ​តាន​ប់ ឃុំ មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ២.​ឈ្មោះ ឈុំ ដា​រ៉ាត់ ភេទ ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​និស្សិត មាន​ទី​លំ នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។ ៣.​ឈ្មោះ​ន​សុង ដា​នី​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃ​ងោង ឃុំ​ភា​រី​មានជ័យ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ៤.​ឈ្មោះ វន សំ​រ៉ុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ម​មាន​ទីលំនៅ​ភូមិ​ព្រៃ​ងោង ឃុំ​ភា​រី​មានជ័យ ស្រុក​បរសេដ្ឋ ខេត្ត កំពង់ស្ពឺ ។

​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​មាន​៖ -​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​2019 លេខ​តួ​និង​លេខ​ម៉ាស៊ីន 5539942 ពាក់​ផ្លាកលេខ កំពង់ស្ពឺ 1N-3127 ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ អំ ធួន នៅ​ភូមិ​ពោធិ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានបញ្ជាក់​ពីស​ភាព​នៃ​រឿងហេតុ ៖ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ វេ​ល​ម៉ោង​១៣​និង​៥៦​នាទី​រសៀល អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បានទទួល​ព័ត៌មាន តាមរយៈ គេហទំព័រ​ហ្វេ​សបាន​បង្ហោះ វីដេអូ ករណី​លួច​(​ឆក់ ទូរ​សព្ទ ) នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ នៅមុខ​រោងចក្រ ញូ​អាក​ឃី​ត ទិសដៅ​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ទៅ​ទិស​ខាងលិច​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ផ្នែក​ជំនាញ នគរបាល​យុត្តិធម៌​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​ពើក ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត ។ ពេល​កម្លាំង​ចុះទៅ​ដល់ ពុំបាន​ជួប​ជនរងគ្រោះ​ទេ ចំណែក​ជនសង្ស័យ​បាន​គេចខ្លួនបាត់ ។

​ជា​លទ្ធផល​ស្រាវជ្រាវ​៖ តាម​ការ​ឆែក​ផ្លាកលេខ​ម៉ូតូ កំពង់ស្ពឺ 1N-3127 នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ ឃើញថា​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​2019 លេខ​តួ​និង​លេខ​ម៉ាស៊ីន 5539942 ម្ចាស់​កម្មសិទ្ធិ​ឈ្មោះ អំ ធួន នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។ រហូតដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ អធិការដ្ឋាន​ស្រុក​នគរបាល​ស្រុក​អង្គស្នួល បានទទួល​ព័ត៌មាន​ថា​មុខសញ្ញា​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ឃាត់ខ្លួន រួមជាមួយ​និង​ម៉ូតូ ពាក់ព័ន្ធ​ករណី​ឆក់ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១០​និង​០០​នាទី នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​១៥​នាទី ចំណុច​លើផ្លូវ​ជាតិ​លេខ​៤ មុខ​រោងចក្រ ញូ​អាក​ឃី​ត ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ប្រាកដ​មែន​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​៤​នាក់ ដែលជា​ក្រុម​ឆក់​យ៉ាងសកម្ម​តាមផ្លូវ​សាធារណៈ​ឆ្លងខេត្ត ត្រូវបាន​កម្លាំង នគរបាល​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ បង្ក្រាបបាន​ភ្លាមៗ ក្រោយពី ជនសង្ស័យ​ជិះ​ម៉ូតូ​០២​គ្រឿង​ធ្វើ​សកម្មភាព ឆក់​កាបូប​ជន​រង គ្រោះ ដែល​កំពុង​ជិះ​ម៉ូតូ​លើផ្លូវ​ជាតិ​លេខ​៤ ចំនួន​០២​កន្លែង​ផ្សេង គ្នា ក្នុងនោះ ដំបូង​ធ្វើ​សកម្មភាព​ឆក់​នៅ​ផ្លូវជាតិ​លេខ​៤ ចំណុច​ភូមិ​ជើងគោ​ឃុំ​ជើងគោ ហើយ​បន្ត​មក​ធ្វើ​សកម្មភាព​ឆក់​មួយ​ករណី​ទៀត​នៅ​ភូមិ​មនោ​រម្យ ឃុំ​តា​នៃ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៧​កុម្ភៈ​២០២១ ។

​លោក​ឧ​ត្ត​ម​ស​នី​យ៍​ទោ​ស្នងការ​បញ្ជាក់ថា ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​នេះ មុន​បង្ក្រាបបាន ក៏​ធ្លាប់ធ្វើ​សកម្មភាព​តាម​ខេត្ត​ផ្សេងៗ និង​មុននេះ​មួយថ្ងៃ​ក្រុម​នេះ ក៏បាន​ធ្វើ​សកម្មភាព​ឆក់​តាមផ្លូវ​នៅ​ឃ្លាំង​លើ​ក្រុងព្រះសីហនុ យកបាន​ទូរ​សព្ទ័​មួយគ្រឿង និង​លុយ​មួយចំនួនទៀត​ពី​ជនរងគ្រោះ ហើយ​ព្រឹក​ឡើង​ទើប​ចេញពី​ក្រុងព្រះសីហនុ មក​ធ្វើ​សកម្មភាព​ក្នុងស្រុក​ព្រៃនប់​។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង សមត្ថកិច្ច​ចាត់ការ តាម​នីតិវិធី​ដើម្បី​បញ្ជូន ទៅ​ផ្តន្ទាទោស​តាមច្បាប់ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×