ភ្នំពេញ ៖ យុវជន២នាក់បានបាត់បង់ជីវិតម្នាក់ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុកនិងខឿនផ្លូវ បណ្តាលឲ្យខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ កិនធ្លាយខួស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតសំណាងល្អរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ចំណុចស្តុបទួលពង្រ ក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សៀកសុខា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបកម្មកររោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បច្ចុប្បន្ន ស្នាក់នៅភូមិបែកចានស្រុកអង្គរស្នួល ខេត្តកណ្ដាល។ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកលែត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1HB-5569 ជិះដោយបុរសម្នាក់ និងរួមដំណើរបុរសម្នាក់ទៀតអង្គុយនៅខាងក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចក្នុងលឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះព្យាយាមជិះវ៉ាជែងរថយន្តកុងតឺន័រនៅខាងមុខ ដោយខ្វះកាប្រុងប្រយ័ត្នក៏ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលដួលខ្ទាតចូលកង់រថយន្តកុងតឺន័រ កិនបែកក្បាលស្លាប់នៅកន្លែងកើតហេតុម្នាក់ ចំណែកម្នាក់ទៀតសំណាងល្អគ្រាន់តែរងរបួសស្រាល។ រីឯរថយន្តវិញ ព្យាយាមបន្តបើកទៅមុខរត់គេចតែរត់មិនរួច ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការប្រដេញតាមស្ទាក់ចាប់បាន វិញនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញតែម្តង រង់ចាំសមត្ថកិច្ចជំនាញចុះទៅយក។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញក្រុង ចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សាមេត