ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឡើងទៅលើកង់បី បម្រុងកាច់សោបើករត់ តែសំណាងអាក្រក់ដេអត់ឆេះត្រូវម្ចាស់កង់បីឃើញទាន់ ក៏នាំគ្នាដេញចាប់បានរួចរាយការណ៍ទៅសមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ៣ និង ៥០ នាទីទៀបភ្លឺឈានចូលថ្ងៃសុក្រទី ១៩ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ចំណុចស្តុបផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីជនរងគ្រោះនៅកន្លែងកើតហេតុ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះកង់បីមួយគ្រឿងពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1-HI 8743 បានបើកទៅឈប់មួយភ្លែតរួចដើរបម្រុងទៅបត់ជើងតូច ស្រាប់តែលេចមុខជនសង្ស័យមិនដឹងថាដើរមកពីណា លួចឡើងទៅលើកង់បីស្ងាត់ៗកាច់សោប្រុងបើករត់តែអស់លក្ខណ៍ត្រឹមម្ចាស់កង់បីឃើញទាន់ដេញក្របួចជាប់ រួចប្រគល់ទៅឲ្យសមត្ថកិច្ចភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់រួចវាយខ្នោះ ដឹកយកជនសង្ស័យខាងលើទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ដើម្បីសាកសួរបន្ត រួចឲ្យជនរងគ្រោះជាម្ចាស់កង់បី ទៅដាក់ពាក្យបណ្តឹង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សា មេត