ព្រះរាជអាជ្ញាទាមទារឲ្យមានការផ្តន្ទាទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូង ផាក ហ្គ័នហេ រយៈពេល
៣០ឆ្នាំ ដោយសារពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយដ៏ធំ ដែលញាំញីជីវិតនយោបាយ រហូតធ្វើឲ្យអ្នកស្រីធ្លាក់ពីតំណែងកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានកូរ៉េខាងត្បូង Yonhap នៅថ្ងៃអង្គារនេះ។
កាលពីខែមេសា ឆ្នាំមុន អ្នកស្រី ផាក ហ្គ័នហេ វ័យ ៦៦ឆ្នាំ ត្រូវគេរកឃើញថាពាក់ពាន់នឹងអំពើពុករលួយ ១៨ករណី រួមមានការសូកប៉ាន់ ការរំលោភអំណាច និងការធ្វើឲ្យធ្លាយការសម្ងាត់របស់រដ្ឋ ជាដើម។
អ្នកស្រីក៏រងការចោទប្រកាន់ពីបទផ្សំគំនិតជាមួយនឹងមិត្តភក្តិជិតស្និទ្ធ និងជាមនុស្សជំនិតរបស់គាត់ឈ្មោះ Choi Soon-sil ក្នុងការកំហែងយកប្រាក់ចំនួន ៥៥,២លានដុល្លា ពីក្រុមហ៊ុមធំៗដូចជា Samsung, Lotte និងក្រុមហ៊ុន SK ជាដើមក្នុងការដោះដូរការគ្នាលើការគាំទ្រមុខជំនួញ។
អ្នកស្រីផាក ក៏ត្រូវគេសង្ស័យថា បានអនុញ្ញាតិឲ្យមិត្តរបស់ខ្លួន ឈ្មោះ Choi Soon-sil ជ្រៀតជ្រែកចូលកិច្ចការងាររបស់រដ្ឋ ខណៈពេលដែលគាត់នោះមិនមានសិទ្ធិអំណាច ឬតំណែងអ្វីមួយឡើយនៅក្នុងរដ្ឋាភិបាល។
សូមបញ្ចាក់ថា អ្នកស្រីផាក ត្រូវបានទំលាក់ពីតំណែងកាលពីខែ មីនា ឆ្នាំមុន ដោយតុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង។ អ្នកស្រីត្រូវបានគេពន្យារពេលឃុំខ្លួនរហូតមកដល់សព្វថ្ងៃ ចំណែកមិត្តជិតស្និទ្ធរបស់អ្នកស្រី ត្រូវតុលាការកាត់ទោសឲ្យជាប់គុករយៈពេល ២០ឆ្នាំ កាលពីប៉ុន្មានអាទិត្យមុន ប៉ុន្តែអ្នកស្រីបានប្តឹងឧទ្ធរណ៏៕ សុភ័ក្ត្រ