ភ្នំពេញៈ នៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានឧត្ដមមន្ត្រីដឹកជញ្ជូនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំស្ដីពីការធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា និងវៀតណាម ជាពិសេសច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ និងព្រៃវល្លិ៍-ប៊ិញហៀប។
កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ និងដឹកនាំដោយសហប្រធាននៃប្រទេសទាំងពីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃភាគីទាំងពីរ ដើម្បីពិនិត្យនិងបញ្ចប់កំណត់ហេតុកិច្ចប្រជុំទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ពិភាក្សាលើការបង្កើតក្រុមការងាររួម ពិនិត្យនិងបញ្ចប់អនុស្សរណៈលើកូតាការចេញចូលរថយន្តដឹកទំនិញរបស់ប្រទេសទាំងពីរ។
ឯកឧត្ដមអគ្គនាយកបានឱ្យដឹងថា ភាគីទាំងពីរ គឺកម្ពុជា និងវៀតណាម បាននិងកំពុងសហការយ៉ាងស្អិតរមួតក្នុងការរិះរកមធ្យោបាយ និងនីតិវិធី ដើម្បីជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង កាត់បន្ថយការកកស្ទះនៅតាមច្រកទ្វារអន្តរជាតិ និងបង្កើនបរិមាណរថយន្តដឹកទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែកើនឡើង សំដៅជំរុញកំណើនសេដ្ឋកិច្ចនៃប្រជាជាតិទាំងពីរ។
ឯកឧត្ដមអគ្គនាយកបានបន្តថា តាមកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់ ប្រទេសទាំងពីរបានកំណត់កូតាអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងកាត់ព្រំដែនចំនួន៨០០គ្រឿង។
ជាមួយគ្នានោះផងដែរ ឯកឧត្ដមអគ្គនាយក បានស្នើខាងភាគីវៀតណាឱ្យកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំលើកទីមួយរបស់ក្រុមការងាររួមនៃប្រទេសទាំងពីរ និងកំណត់កាលបរិច្ឆេទសម្ពោធបើកឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍-ប៊ិញហៀបផងដែរ។
ជាការឆ្លើយតប ភាគីវៀតណាមបានឱ្យដឹងថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំសម្ពោធបើកឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍-ប៊ិញហៀបនេះ ប៉ុន្តែជាអកុសល បញ្ហាកូវីដ-១៩ បានធ្វើឱ្យភាគីវៀតណាមរាំងស្ទះក្នុងការរៀបចំពីធីនេះតាមការគ្រោងទុក។ ទោះជាយ៉ាងនេះក្ដី ភាគីទាំងពីរបានប្ដេជ្ញាជំរុញរៀបចំពិធីសម្ពោធនេះឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើបាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ