ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានលោតសម្លាប់ខ្លួនទម្លាក់ពីលើអគារធនាគារតៃវ៉ាន់ បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចស្តុបស្ពនអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនជាតិចិនខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ មានសម្បុរ ស អាយុប្រហែល៣០ឆ្នាំពាក់អាវយឺតពណ៌ស ស្លៀកខោជើងខ្លីពណ៌ប្រផេះ។
តាមកាមរ៉ាសុវត្ថិភាពដែលបំពាក់នៅជុំវិញក្បែរកន្លែងកើតហេតុ បានបញ្ជាក់ឲ្យឃើញថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិន បានដើរចូលទៅក្នុងធនាគារតៃវ៉ាន់ ហើយឡើងទៅជាន់ខាងលើមួយសន្ទុះ ក្រោយមករូបគេក៏បានបើកបង្អួចកញ្ចក់អើតចុះអើតឡើងប្រហែលជា៥នាទី ទើបសម្រេចចិត្តលោតទម្លាក់ខ្លួនចុះមកក្រោម បណ្តាលឲ្យបោកក្បាលផ្ទប់ជាមួយនិងខឿនថ្មស្លាប់ភ្លាមៗមួយរំពេច នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់អូរបែកក្អម និងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញការិយាល័យកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះមកស្រាវជ្រាវនិងពិនិត្យសពជនរងគ្រោះនៅកន្លែងកើតហេតុ។
ក្រោយពីពិនិត្យសពរួចរាល់សមត្ថកិច្ចជំនាញ បានបញ្ជាក់ឲ្យដឹងថា សពបុរសជនជាតិចិនខាងលើ ពិតជាលោតសម្លាប់ខ្លួនឯងពិតប្រាកដមែន។
សពត្រូវបានសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីទំនាក់ទំនងទៅកាន់ស្ថានទូតចិន ដើម្បីស្វែងរកក្រុមគ្រួសារសាច់ញតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សួង សាម