ភ្នំពេញ ៖ ផ្សែងហុយចេញពីផ្ទះវិឡាមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងអ្នកជិតខាងទាំងព្រឹកព្រលឹម។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅផ្ទះវិឡាលេខ០៦ ផ្លូវ ៥៧២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញផ្ទះវិឡាដ៏ស្គឹមស្គៃខាងលើនេះ បិទទ្វាររបងជិតដោយមានម្ចាស់ផ្ទះ និងអ្នកបម្រើដេកសម្រាកនៅខាងក្នុង ស្រាប់តែមានផ្សែងហុយចេញពីក្នុងវិឡាខាងលើ បង្កឲ្យមានភ្ញក់ផ្អើលដល់ម្ចាស់ផ្ទះនិងអ្នកជិតខាងនាំគ្នា ជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យជួយបាញ់ទប់ស្កាត់អស់ជាច្រើនបំពង់ ដោយស្ថានភាពមិនអាចគ្រប់គ្រងបានទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ភ្លាមៗនោះកម្លាំងការិយាល័យនគរបាលបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ទៅដល់កន្លែងកើតដើម្បីបាញ់ទឹកទប់ស្កាត់ឲ្យរលត់ជាស្ថាពរទៅវិញ នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃដដែល។
សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍អគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបណ្តាញខ្សែភ្លើងតជាប់ជាមួយនិងទូទឹកកក។
ក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមាននរណាម្នាក់ រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈរបស់ម្ចាស់ផ្ទះមួយចំនួនប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖សួង សាម