ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀន ១ គីឡូក្រាម។
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៦និង៣០នាទី កម្លាំងជំនាញ(ក៤)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយរកមន្ទីរ មានការចូលរួមកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលដោយលោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញា បានបើកការស្រាវជ្រាវ បង្ក្រាបនៅចំណុចផ្លូវក្រោយសាលាខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យ០២នាក់ : ១-ឈ្មោះ អ៊ិត វុទ្ធី ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ម៉ៃ ចិន ភេទប្រុស ជនជាតិ ខ្មែរ ឆ្នាំកំណើត ២០០៥ ។ វត្ថតាងចាប់យកបាន : ១-មេតំហ្វេតាមីន(ICE)០១កញ្ទប់ធំ ស្មើទម្ងន់ ៩៤៨,៩១ក្រាម ។ ២-ម៉ូតូ ១គ្រឿង ៣-ទូរស័ព្ទដៃ ២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ បន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ