ភ្នំពេញ ៖ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាលនឹងសហការជានិច្ច ក្នុងការចូលរួមលើកកម្ពស់ សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា និងស្វែងរកសប្បុរសជនជិតឆ្ងាយ ដើម្បីប្រមូលថវិកាឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ឲ្យកាន់តែរឹងមាំបន្ថែមទៀត។
ក្នុងជំនួបសម្ដែងការគួរសម របស់លោកវេជ្ជបណ្ឌិត Peter Studer ជាមួយលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នាទីស្ដីការក្រសួង។
រដ្ឋមន្ដ្រីក៏បានថ្លែងអំណរគុណដល់សប្បុរសជាតិ-អន្ដរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់មន្ទីរពេទ្យគន្ធបុប្ផាកន្លងមក ហើយក៏ស្នើដល់ដល់ម្ចាស់ជំនួយទាំងអស់ សូមបន្ដឧបត្ថម្ភជាបន្ថែមទៀតផងដែរ។
ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត Peter Studer ប្រធានថ្មីនៃមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ជំនួសលោកវេជ្ជបណ្ឌិត Beat Richner បានថ្លែងអំណរគុណ ដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតមូលនិធិគន្ធបុប្ផានៅកម្ពុជា ដើម្បីកៀរគរថវិកាពីសប្បុរសជន ជួយទ្រទ្រង់មន្ទីរពេទ្យ ក៏ដូចជាជួយដល់កុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជា។
លោកវេជ្ជបណ្ឌិត Peter Studer បានប្តេជ្ញាក្នុង ការចូលរួមចំណែកប្រមូលធនធានឲ្យកាន់តែច្រើន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ពិសេសគឺជួយឧបត្ថម្ភថវិកាប្រមាណ១៥លានដុល្លារ ក្នុងឆ្នាំ២០១៨នេះ ។
លោកវេជ្ជបណ្ឌិត បានថ្លែងបន្ដថា នឹងខិតខំប្រឹង ក្នុងការកៀរគរសប្បុរសជននៅក្រៅប្រទេស ដើម្បីប្រមូលថវិកាមកជួយដល់កុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត និងជួយក្រសួងសុខាភិបាលម្ពុជា ដើម្បីជួយសង្គ្រោះដល់កុមារ និងស្ដ្រី ឲ្យបានទាន់ពេលវេលា៕ ដោយ៖បញ្ញាស័ក្តិ