Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ សុខ ផល​៖ ជនអន្តោប្រវេសន៍​នៅ​ខេត្ត​ព្រះសីហនុ គ្រាន់តែ​ជា​ទិដ្ឋភាព​ខាងក្រៅ មិនមាន​អ្វី​គួរឲ្យ​បារម្ភ​នោះទេ

ភ្នំពេញ ​៖ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត សុខ ផល អគ្គនាយក នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ជាក់​ផង​ដែរ​ថា បញ្ហា​ជនអន្តោប្រវេសន៍​នៅ​ខេត្ត​ព្រះសីហនុ គ្រាន់តែ​ជា​ទិដ្ឋភាព​ខាងក្រៅ មួយ​ដោយ​មើលឃើញថា ខុស​ពី​ទម្លាប់​មុន​ដែល​ពីមុន ជនជាតិ​អឺរ៉ុប​ច្រើន ឥឡូវ​គឺ​ជនជាតិ​ចិន​ដែល​មក​ប្រកប​របរ​រកស៊ី​ច្រើន ហើយ​ថា​បញ្ហា​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ មិនមាន​អ្វី​គួរឲ្យ​បារម្ភ​នោះទេ គឺ​ស្ថិត​នៅក្រោម​ច្បាប់​ទាំងអស់​។

​ថ្លែង​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​បន្ដ​អគ្គនាយកដ្ឋាន​នគរបាល​អន្ដោប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត សុខ ផល បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា បញ្ហា​ជនជាតិ នៅ​ខេត្ត​ព្រះសីហនុ មិន​ភ័យ​ជនបរទេស​មក​ប្រទេស​កម្ពុជា​ច្រើន​នោះ​ទេ ជាពិសេស​មក​ប្រកប​របរ​រកស៊ី​នៅ​កម្ពុជា ប៉ុន្តែ​អ្វី​ដែល​ប្រយ័ត្នប្រយែង​នេះ គឺ​ការ​ជនបរទេស​ណា​ម្នាក់​មក​ដោយ​គ្មាន​ច្បាប់ទម្លាប់ ។ លោក​ថា មិនមែន​ជា​បញ្ហា​ច្រើន​ជា​បញ្ហា​នោះ​ទេ បញ្ហា​ត្រង់​ថា ទោះ​មក​ច្រើន ប៉ុន្តែ​យើង​មានច្បាប់​អន្តោប្រវេសន៍ ក្នុង​ការគ្រប់គ្រង​ជន​បរទេស​។​

​លោក​បាន​លើកឡើង​ថា “​សម្តេច​ក្រឡាហោម ស ខេង បាន​ដាក់​ផែនការ​រួចហើយ យើង​ពិនិត្យមើល​ណែនាំ​ឲ្យ​ជន​បរទេស​ទាំងអស់​នោះ អនុវត្ត​ទៅតាម​ច្បាប់​នៅ​កម្ពុជា​។ ជនបរទេស​ដែល​រស់​នៅ​កម្ពុជា ត្រូវ​មាន​លិខិតឆ្លងដែន មាន​សុពលភាព មាន​ប័ណ្ណ​ការងារ​សមស្រប​ទៅតាម​មុខរបរ​របស់​ខ្លួន ដែល​មានទិ​ដ្ឋការ​ស្នាក់នៅ​ស្របតាម​ច្បាប់​ទម្លាប់​នៅ​កម្ពុជា​។ បើទិដ្ឋ​ការគាត់នឹង​វិលត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ ដូច្នេះ​វា​មិនមែន បញ្ហា​ចំនួន​ច្រើន​នោះ​ទេ​គឺ​ការអនុវត្ត​ទៅតាម​ច្បាប់​តែ​ប៉ុណ្ណោះ​”​។​

​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត សុខ ផល បានបញ្ជាក់​ថា បញ្ហា​ជនជាតិ​ចិន តែងតែ​បង្ក​ភាពអនាធិបតេយ្យ នៅ​ខេត្ត​ព្រះសីហនុ រឿង​វា​មិនមែន​ភាគច្រើន​នោះ​ទេ គឺមាន​តែ​មួយ​ចំនួន​តូច​តែប៉ុណ្ណោះ គឺជា​ចរិក​របស់​មនុស្ស​តែ​ម្តង​។ បើ​មិន​គោរព​ច្បាប់​សមត្ថកិច្ច នៅ​កន្លែង​នោះ​ចាប់​វៃ​ខ្នោះ​អនុវត្ត​តាម​ច្បាប់ និង​ដាក់​ពន្ធនាគារ​។ ជនអន្តោប្រវេសន៍​មក​ធ្វើការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់ គឺ​កម្ពុជា​បាន​បណ្តេញ​ចេញ​អស់​ជាច្រើន​ផងដែរ ហើយ​ទាំងនេះ​មិន​មែ​នេះ​ជា​គោលការណ៍ នៃ​ជនជាតិ​មួយ​នោះ​ទេ វា​គឺ​បុគ្គល​មួយ​ផ្នែក នៃ​ជនជាតិ​មួយ​តែ​ប៉ុណ្ណោះ ។​

​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន សូ​រិទ្ធី ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ផែន​អន្ដោប្រវេសន៍​បាន​ថ្លែងថា នៅ​ខេត្ត​ព្រះសីហនុ ការហូរចូល​នៃ​ជនជាតិ​ចិន ក្នុងនោះ​បាន​ភាព​វិជ្ជមាន និង​ភាពអវិជ្ជមាន និង​បញ្ហា​ប្រឈម​មួយចំនួន​។ ជាក់ស្តែង​ជា​មួយ​ការហូរចូល នៃ​កំណើន​ជនជាតិ​ចិន គេ​សង្កេតឃើញថា នៅ​ខេត្ត​ព្រះសីហនុ ទាំងមូល​សេដ្ឋកិច្ច នៅ​ខេត្ត​ហាក់ មាន​ភាព​លូតលាស់​ខ្លាំង ពិសេស​លើ​វិស័យ​កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន ដែល​ជា​របរ​សំខាន់​របស់​ពួកគាត់​។ ជាមួយ និង​កំណើន​ជនជាតិ​ចិន វា​ក៏​បាន​បង្កប់​ភាពអវិជ្ជមាន មួយចំនួន​ដែល​បង្កឡើង ដោយ​ជនជាតិ​ចិន ជាក់ស្តែង​យើង​សង្កេត​ឃើញ​បាតុភាព​នានា ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន គឺ​ការសេព​គ្រឿង​ស្រវឹង​បើកបរ ក្នុងស្ថានភាព​ស្រវឹង បង្ក​ជា​ឲ្យមាន​បទល្មើស​ចរាចរណ៍​កើតឡើង​ជា​បន្តបន្ទាប់​។ ជនជាតិ​ចិន មួយចំនួន​បង្ក​អំពើហឹង្សា ទាស់ទែង​គ្នា​នៅតាម​ទីសាធារណៈ ជាក់ស្តែង​ទីតាំង​របស់​ពួកគេ​ស្នាក់នៅ​តែ​ម្តង ដែល​បង្ក​ភាពអនាធិបតេយ្យ​នៅតាម​មូលដ្ឋាន​។ ជាក់ស្តែង​នាពេល​បច្ចុប្បន្ន បាន​បង្ក​ភាព​ប្រឈម និង​ការងារ​លំបាក​មែនទែន​។​

​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន សូ​រិទ្ធី បានបញ្ជាក់​ថា ចំពោះ​ការអនុវត្ត​ការងារ​លើ​ការចុះ​ធ្វើ​បច្ចុប្បន្នភាព និង​ស្ថិតិ​របស់​ជនជាតិ​ចិន បានផ្តល់​ការលំបាក​ដល់​មន្ត្រី​ជំនាញ ដោយសារ​ម្ចាស់​ទីតាំង​មួយចំនួន ដែល​ជួល​កន្លែង​ស្នាក់នៅ មាន​កាយវិការ​មិន​ចង់​សហការ​ជាមួយ​សមត្ថកិច្ច​។ ដោយឡែក​ពេល​ខ្លះ ដោយសារ​ម្ចាស់​ទីតាំង​ជួល​ឲ្យ​ជនជាតិ​ចិន​មួយចំនួន គឺ​សុទ្ធតែ​អ្នកធំ​មាន​មុខ​មាន​មាត់​នៅក្នុង​សង្គម ហើយ​ម្ចាស់​ទីតាំង​ទៀត សោធ​ពេល​ធ្វើ​ការសហការ​ជាមួយនឹង​កម្លាំង​ជំនាញ​ពួកគាត់​លាក់បាំង​ពី​ចំនួន​ភ្ញៀវ​ជនជាតិ​ចិន ដែល​កំពុង​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ពួកគាត់​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន សូ​រិទ្ធី ក៏​សូម​សំណូមពរ​សូម​ឲ្យ​ម្ចាស់​ទីតាំង សហគ្រាស និង​គ្រឹះស្ថាន ផ្តល់​នូវ​ការ​សហការ​ជាមួយ​អាជ្ញាធរ មាន​សមត្ថកិច្ច និង​ការិយាល័យ​ជំនាញ​ឲ្យបាន​ពេញ​ទំហឹង ដោយសារ​មាន​ករណី​ពី​មុខ​ពួក​គាត់​ព្យាយាម​លាក់បាំង តួលេខ​ពិតប្រាកដ​។ ប្រសិន​បើ​ម្ចាស់​ទីតាំង មិន​មាន​បំណង​សហការ ទោះបីជា​កម្លាំង​ជំនាញ​ខិតខំ​ប្រឹងប្រែង​យ៉ាងណា ក៏​ពិបាក​ក្តាប់បាន​ស្ថិតិ​ច្បាស់លាស់ នៃ​កំណើន​ជនជាតិ​ចិន ដែល​កំពុង​ស្នាក់ និង​ធ្វើការ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×