ភ្នំពេញ ៖ នេះជារឿងមួយដែលយើងគ្រប់គ្នា ជាពិសេសអ្នកដែលធ្លាប់បានប្រើប្រាស់រួច ពិតជាស្រឡាំងកាំង ខណៈទើបតែបានដឹងថា ឱសថទិព្វ CooSea (អាហារបំប៉នសុខភាព) របស់ ស្រីអូន សម្រស់ធម្មជាតិ ដែលកន្លងមកមានការផ្សព្វផ្សាយលេបទៅ «ជា» មួយរយមុខ តែតាមពិតជាការបោកបញ្ឆោតភូតកុហកប៉ុណ្ណោះ ព្រោះថាកន្លងទៅថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានរកឃើញនិងប្តឹងទៅក្រសួងសុខាភិបាល ដើម្បីមានវិធានការតាមផ្លូវច្បាប់ជាបន្ទាន់។
នេះបើយោងតាមតាមកម្មវត្ថុនៃពាក្យបណ្ដឹងក្រសួងពាណិជ្ជកម្ម ប្ដឹងទៅក្រសួងសុខាភិបាល កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឲ្យបានដឹងថា៖ សំណើរសុំផ្ដល់កិច្ចសហការ ដើម្បីមានវិធានការទប់ស្កាត់ អំពើមិនសុចរិតទាក់ទងទៅនឹងការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ម៉ាក CooSea Premium Spirulina នាំចូលដោយក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលមានអាស័យដ្ឋាន ផ្ទះលេខ៣៥ ផ្លូវ៥១០ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងនោះផងដែរ យោងតាមពាក្យបណ្តឹងរបស់ក្រសួង បានបញ្ជាក់ឲ្យដឹងថា កន្លងមកក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពម៉ាក CooSea Premium Spirulina នាំចូលដោយក្រុមហ៊ុនសម្រស់ធម្មជាតិ មានចរិតជាការបំភាន់ និងបោកបញ្ឆោតដល់សាធារណៈជន តាមរយៈការអះអាងដោយគ្មានភស្ដុតាងថា អ្នកប្រើប្រាស់បានធូស្រាល ឬជាសះស្បើយពីជំងឺរាប់សិបប្រភេទ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មក៏ដូចជាគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានកត់សម្គាល់ឃើញថា ក្រុមហ៊ុននេះបានបំពានទៅនឹងមាត្រា១០ និងមាត្រា១២ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលករណីនេះតម្រូវឲ្យមានការស៉ើបអង្កេតដោយមន្ដ្រីមានសមត្ថកិច្ច ដើម្បីចាត់វិធានការស្របទៅតាមច្បាប់ជាធរមាន។
ទន្ទឹមនឹងនេះផងដែរ ក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់ឲ្យដឹងថា ក្រសួងនឹងចាំបាច់ត្រូវអនុវវិធានការរដ្ឋបាលមួយចំនួន ទៅលើក្រុមហ៊ុនសម្រស់ធម្មជាតិនេះ ដែលក្នុងនោះរួមមាន៖
១- ក្រុមហ៊ុនត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់តាមអនឡាញ ដែលមានចរិតភូតកុហក ខុសពីការពិត និងត្រូវមានការសុំអនុញ្ញាតជាមុនពីស្ថាប័នមានសមត្ថកិច្ច និងផ្ដល់ខ្លឹមសារទាំងឡាយ ដែលបញ្ជាក់ពីគុណភាព សុវត្ថិភាពផលិតផល និងការអះអាងផ្សេងទៀត ក្នុងការផ្សាយពាណិជ្ជកម្មមកក្រសួងពាណិជ្ជកម្ម។
២- តម្រូវឲ្យក្រុមហ៊ុនកែតម្រូវលើព័ត៌មាន ស្ដីអំពីជាតិអាហាររូបត្ថម្ភ (Supplement Facts) ដែលបានបោះពុម្ភនៅលើស្លាកសញ្ញា ពាក់ព័ន្ធទៅនឹងវីតាមីន A និងវីតាមីន B12 និងសារធាតុរ៉ែផ្សេងទៀត ដែលត្រូវអនុលោមទៅតាមការវិភាគបញ្ជាក់ពីមន្ទីរពិសោធន៍ ដែលមានការទទួលស្គាល់។
៣- តម្រូវឲ្យក្រុមហ៊ុនចុះបញ្ជីឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ស្ដីអំពីការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។
យ៉ាងណាមិញ ស្របពេលដែលឃើញក្រសួងបានប្តឹងទៅក្រុមហ៊ុនសម្រស់ធម្មជាតិ បែបនេះ ក្នុងនោះឃើញថា មហានជនជាច្រើនបានចូលខមិនចាក់បណ្តោយបន្ថែមយ៉ាងដូច្នេះថា៖ «ដល់ពេល ឱសថបំប៉នសុខភាពម៉ាក CooSea របស់ក្រុមហ៊ុន ស្រីអូន សម្រស់ធម្មជាតិ ត្រូវរាប់រយមុខចឹងពេក មិនចាំបាច់មានថ្នាំពេទ្យឫមន្ទីពេទ្យទេមេីលទៅ បេីប្រេីត្រូវខ្លាំងជាងផ្លែ អាសង្ឃខៃ ឋានសួគ៌ កាលស៊ុនអ៊ូខុងបេះសុីមួយលានដង ខ្ញុំអង្គុយមុខមន្ទីពេទ្យរាល់ថ្ងៃឃេីញតែមនុស្សចូលពេទ្យរាប់រយនាក់ បើផលិតផល CooSea របស់ក្រុមហ៊ុន ស្រីអូន សម្រស់ធម្មជាតិ ប្រេីត្រូវខ្លាំងម្លឹងៗ ប្រវត្តិសាស្ត្រតាំងពីជំនាន់ជីដូនជីតាខ្ញុំមកដល់ខ្ញុំ ឲ្យតែឈឺគឺរកថ្នាំពេទ្យ ឬទៅមន្ទីពេទ្យ បេីចង់រស់បានយូរ »។ តែទោះយ៉ាងណា សង្កេតឃើញថា មានបងប្អូនជាច្រើនបានចូលខមិននៅតែគាំទ្រផលិតផល CooSea ដោយពួកគេបានអះអាងថា ប្រើទៅល្អសម្រាប់សុខភាពច្រើន។ ក្នុងនោះ ម្នាក់បានប្រាប់ឲ្យដឹងថា៖ «ចង់ប្រាប់ថាហូបជាសឹងមួយគ្រួសារហើយទឹកនោមផ្អែមក៍ជា ខ្ញុំស្រលាញ់សុខភាពណាស់ ទិញម្តងៗ20កំប៉ុងផ្ញើរបងនៅusaទៀតល្អណាស់ មិនដូរដាច់ខាត មិនប្រើផ្តេសផ្តាស់ទេជិវិតមិនស្លាប់ងៃនេះរស់វិញស្អែកទេ តែសូមមិនយល់ថាហេតុបើគ្មានច្បាប់ត្រឹមត្រូវលក់បានយូរម្ល៉េះ សូមបកស្រាយគ្រួសារមានវិន័យប្រទេសមានច្បាប់ ព្រោះមុននឹងទិញសិក្សាណាស់ ព្រោះបងប្អូនខ្ញុំនៅស្រុកក្រៅក៍អ្នកធ្វើការធំដែរ អ៊ីចឹងមុននឹងគាត់ទិញគាត់មើលណាស់ គ្រួសារមានវិន័យប្រទេសមានច្បាប់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង