ភ្នំពេញ ៖ ហួសចិត្តដែលបុរសម្នាក់ ពាក់ឯកសណ្ឋានជាមន្ត្រីប៉ូលិស មកឈរនិយាយរវើរវាយ នៅផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១៣៦ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ និងផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញចុះមកសួរនាំ។
ហេតុការណ៍ហួសចិត្តនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១ តាមបណ្ដោយផ្លូវព្រះនរោត្ដមកែងនិងផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពសមត្ថកិច្ចខណ្ឌដូនពេញ ដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានបុរសម្នាក់ពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល ជិះម៉ូតូម៉ាកឌ្រីមសង់២០១៥ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1DD-0954 បានមកឈប់ចតលើចិញ្ចើមផ្លូវ រួចមកលុតជង្គុងសំពះការដ្ឋានសំណង់ដែលកំពុងសាងសង់ រួចឈរដូចគោរពទង់ជាតិ ហើយនិយាយរវើរវាយថាពួកអស់លោកទាំងអស់គ្នាមានមើលឃើញដូចខ្ញុំអត់ (មានទង់ជាតិរហែកចំរូបប្រាសាទអង្គរ) គ្មានអ្នកណាមើលឃើញទេ អស់លោកមានចិត្តអត់ ។
ដោយសមត្ថកិច្ចខណ្ឌដូចពេញឃើញនូវភាពរវើរវាយរបស់បុរសខាងលើ ទើបមើលឈ្មោះនិងអត្តលេខ រួចបោះដៃតាមវិទ្យុទាក់ទង សួរតាមបណ្ដាខណ្ឌ ភ្លាមៗនោះក៏មានខណ្ឌច្បារអំពៅ ប្រាប់ថាជាមន្ត្រីប៉ូលិសខណ្ឌរបស់គាត់ ។
ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចខណ្ឌច្បារអំពៅ បានយករថយន្តដឹកបុរសខាងលើដោយប្រាប់ថា គាត់ពិតជាមន្ត្រីប៉ូលិសខណ្ឌគាត់មែន ដែលមានឈ្មោះ អុន សំអន ជាមន្ត្រីប៉ូលិសប៉ុស្តិ៍ព្រែកថ្មី បច្ចុប្បន្នជាប់ពិន័យនៅអធិការខណ្ឌច្បារអំពៅ ពាក់ព័ន្ធនិងករណីធ្លាប់ប្រើប្រាស់នូវសារធាតុញៀន និងធ្លាប់អប់រំជាច្រើនលើកច្រើនសាររួចមកហើយ។
ក្រោយហៅឡើងរថយន្តមិនព្រមឡើង ទើបសមត្ថកិច្ចខណ្ឌច្បារអំពៅ បង្ខំចិត្តវាយខ្នោះរុញបញ្ចូលក្នុងរថយន្ត ដឹកចេញពីកន្លែងកើតហេតុភ្លាមៗ ដើម្បីចាត់ការបន្តតាមវិន័យកងកម្លាំង៕ រក្សាសិទ្ធិដោយ៖ សារឿន