មេដឹកនាំកូរ៉េខាងជើង Kim Jong-Un និងឪពុកដែលបានទទួលមរណៈភាព លោក Kim Jong-il អាចបានប្រើប្រាស់លិខិតឆ្លងដែនប្រេស៊ីលក្លែងក្លាយដើម្បីសុំទិដ្ឋាការទៅកាន់ប្រទេសលោកខាងលិច នៅអំឡុងឆ្នាំ ១៩៩០ តាម Reuters ដែលដកស្រង់ប្រភពពីមន្ត្រីសន្តិសុខជាន់ខ្ពស់ ៥រូប របស់អឺរ៉ុបខាងលិច ឲ្យដឹងថា មេដឹកនាំកូរ៉េទាំងពីរខាងលើ បានប្រើប្រាស់លិខិតឆ្លងដែននោះ ដើម្បីសុំទិដ្ឋាការទៅកាន់ប្រទេសអឺរ៉ុបខាងលិចយ៉ាងតិច ២ ។
លិខិតឆ្លងដែនប្រេស៊ីលថតចម្លងរបស់ឪពុកកូនមេដឹកនាំកូរ៉េខាងជើង Kim Jong-il និង Kim Jong-Un ។
Reuters ដដែលផ្សាយថា ពួកគេប្រើប្រាស់លិខិតឆ្លងដែនប្រេស៊ីលដែលមានបិទរូបថតជារបស់ Kim Jong-Un និង Kim Jong-il យ៉ាងច្បាស់លាស់ ហើយសុំទិដ្ឋាការពីបណ្តាស្ថានទូតបរទេស។ ប្រការនេះបង្ហាញឲ្យឃើញបំណងប្រាថ្នាចង់ចេញទៅប្រទេសក្រៅរបស់ពួកគេក៏ដូចជាកិច្ចប្រឹងប្រែងរបស់គ្រួសារដឹកនាំកូរ៉េខាងជើង សំដៅបើកច្រករំដោះខ្លួនចេញពីគ្រោះអាសន្ន។
ស្ថានឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បានបដិសេធមិនឆ្លើយតបនឹងរឿងនេះ។ រីឯក្រសួងការបរទេសប្រេស៊ីលវិញ ប្រាប់ថា គេកំពុងស៊ើបអង្កេត។ ប្រភពមិនបញ្ចេញឈ្មោះមួយពីប្រេស៊ីលនិយាយថា លិខិតឆ្លងដែនទាំង២នេះគឺជាក្រដាសស្នាមស្របច្បាប់ដែលបណ្តាស្ថាប័នកុងស៊ុលផ្តល់ឲ្យ។
ប្រភព ៤ផ្សេងទៀតបញ្ជាក់ថា លិខិតឆ្លងដែនប្រេស៊ីល២ ដែលមានរូបថត Kim Jong-Un ជ្រកក្រោមឈ្មោះ Josef Pwag និង Kim Jong-il ឈ្មោះ Ijong Tchoi ត្រូវបានប្រើប្រាស់សម្រាប់សុំទិដ្ឋាការយ៉ាងតិចនៅប្រទេសលោកខាងលិចចំនួន ២។ គេនៅពុំទាន់ដឹងថា តើត្រូវបានផ្តល់ទិដ្ឋាការដែរឬទេ។
លិខិតឆ្លងដែននេះ អាចត្រូវបានឪពុកកូន Kim Jong-Un និង Kim Jong-il ប្រើប្រាស់សម្រាប់ធ្វើដំណើរទៅកាន់ប្រេស៊ីល ជប៉ុន និងហុងកុង។
កាលពីឆ្នាំ ២០១១ កាសែតជប៉ុន Yomiuri Shimbun ធ្លាប់បានចុះផ្សាយព័ត៌មានថា Kim Jong-Un បានទៅតូក្យូ គ្រានៅតូច ដោយប្រើប្រាស់លិខិតឆ្លងដែនប្រេស៊ីល នៅឆ្នាំ ១៩៩១ មុនថ្ងៃដែលលិខិតឆ្លងដែនប្រេស៊ីលទាំង២ត្រូវបានផ្តល់ឲ្យ។
លិខិតឆ្លងដែនទាំង២នេះ មានសុពលភាព ១០ឆ្នាំ និងមានត្រា “ស្ថានទូតប្រេស៊ីលប្រចាំ Prague” ហើយថ្ងៃផ្តល់ឲ្យគឺថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ១៩៩៦។ ប្រភពសន្តិសុខមួយចំនួនឲ្យដឹងថា បច្ចេកវិទ្យាកំណត់អត្តសញ្ញាណផ្ទៃមុខបានបញ្ជាក់ថា រូបថតនេះគឺពិតជា Kim Jong-Un និងឪពុករបស់លោក។
លិខិតឆ្លងដែនដែលមានរូបរបស់ Kim Jong-Un ត្រូវបានផ្តល់ឲ្យក្រោមឈ្មោះ Josef Pwag មានថ្ងៃកំណើតគឺថ្ងៃទី ១ កុម្ភៈ ១៩៨៣។ លិខិតឆ្លងដែនរបស់លោក Kim Jong-il ត្រូវបានផ្តល់ឲ្យក្រោមឈ្មោះ Ijong Tchoi ដែលមានថ្ងៃកំណើតទី ៤ មេសា ១៩៤០។ អតីមេដឹកនាំ Kim Jong-il ដែលបានស្លាប់នៅឆ្នាំ ២០១១ មានថ្ងៃឆ្នាំកំណើតពិត គឺឆ្នាំ ១៩៤១។ ទីកន្លែងកំណើតនៃលិខិតឆ្លងដែនទាំងពីរគឺ Sao Paulo Brazil។
ប្រភពសន្តិសុខដែលផ្តល់ព័ត៌មានខាងលើបានបដិសេធមិនពណ៌នាពីវិធីដែលគេយកបានលិខិតឆ្លងដែនថតចម្លង ដោយហេតុថា នេះជាគោលការណ៍សម្ងាត់៕ សូយន