ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតបានហើយ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច រត់ចូលក្នុងលូបាត់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឫស្សីកែវដោយមានការដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កម្លាំងខណ្ឌប៉ុស្តិ៍ និងគណៈបញ្ជាការឯកភាពសង្កាត់ឫស្សីកែវ បានបន្តរុករកដោយយករថយន្តស្ទូចគាស់ស្ទូចគម្របលូជាច្រើន រហូតបានឃើញជនសង្ស័យលាក់ខ្លួន នៅក្នុងលូក៏បានឃាត់ខ្លួនភ្លាមៗ យកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវតែម្ដង នាវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចក្នុងលូ តាមបណ្ដោយផ្លូវលេខ ៩៩ B ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលធ្វើសកម្មភាពហើយរត់ចូលក្នុងលូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ម៉ូ ភេទប្រុស ដែលបានលាក់ខ្លួនក្នុងលូទឹកស្អុយ រយៈពេលមួយយប់មួយថ្ងៃ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២១ ជនសង្ស័យទាំង ២ នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពី
នារីរងគ្រោះ ម្នាក់ជិះម៉ូតូកំពុងតែនិយាយទូរសព្ទ ខណៈមកដល់ចំណុចកើតហេតុតាមបណ្ដោយបេតុងចំណុចមុខបុរីមហាសេដ្ឋី ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញក៏លេចមុខជនសង្ស័យទាំង២នាក់ ជិះម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត 1O•8245 ជិះមកពីក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ បានហើយព្យាយាមបើករត់គេចខ្លួនត្រូវជនរងគ្រោះ ជិះដេញតាមពីក្រោយស្រែកចោរៗ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ និងប្រជាការពារកំពុងតែល្បាត ក្នុងភូមិសាស្ត្រដើម្បីការពាសុវត្ថិភាពជូនប្រជាពរដ្ឋក្នុងមូលដ្ឋាន ក៏ជិះដេញតាម ពីក្រោយរហូតដល់ចំណុចផ្លូវសុរិន កម្លាំងសមត្ថកិច្ចបានធាក់ម៉ូតូជនសង្ស័យឲ្យដួលធ្វើឲ្យជនសង្ស័យទាំងពីរនាក់ ភ័យស្លាន់ស្លោរត់ចែកជើងគ្នាបាតជើង ស ព្រាត ត្រូវសមត្ថកិច្ចឃាត់បានម្នាក់ឈ្មោះសុះអាវីវីន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥស្លាមមានមុខរបរនិងស្នាក់នៅមិនប្រាកដ។
និងម៉ូតូមួយគ្រឿងចំណែកបក្សពួកម្នាក់ទៀតឈ្មោះម៉ូ បានរត់ចូលក្នុងលូទឹកស្អុយ ត្រូវបានសមត្ថកិច្ចឡោមពទ្ធរុករកជាច្រើនម៉ោង នៅតែមិនឃើញ លុះរហូតដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងប៉ុស្តិ៍និងប្រជាការពារ បានរុករកបន្តទៀតដោយគាស់នូវគម្របលូជាច្រើន ដើម្បីរកមើលក៏បានប្រទះឃើញជនសង្ស័យ នៅក្នុងលូឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចបាននាំជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរធ្វើកំណត់ហេតុកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សារឿន