ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តLexus RX330 ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ចំណែករថយន្តវិញ អូសទៅមុខជាច្រើនម៉ែត្រក្រឡាប់ផ្ងារជើងតែសំណាងល្អ បានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ជួយលើកឡើងវិញ និងជួយយកតៃកុងចេញពីក្នុងរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើង កាលពីវេលាម៉ោង១១និង២៥ នាទីយប់ថ្ងៃចន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជាប់និងកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកLexusRX330ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2-BD 1220 បើកបដោយបុរសម្នាក់ទំនងជាស្រវឹងធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុល ទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់មួយកង់។ សំណាងល្អមិនប៉ះពាល់ទៅដល់ភាគីដទៃកំពុងរួមដំណើរ រងការខូចខាតតែរថយន្តយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងជំនាញចរាចរណ៍ខណ្ឌបឹងកេងកង ចុះមកដល់ រួចបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងជំនាញការ រិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត