សៀមរាប ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណ:ការ និងដឹកជញ្ជូន ព្រមទាំងដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យ វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដោយបានផ្តោតសំខាន់ទៅលើការពិនិត្យលើប្រព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកកខ្វក់ និងសុវត្ថិភាពចរាចរណ៍ ព្រមទាំងសណ្តាប់ធ្នាប់ការដ្ឋាន។ ឯកឧត្ដម បានមានប្រសាសន៍ថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើនរំលឹកឲ្យអង្គភាពសាងសង់ទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ ក៏ដូចជាដើម្បីពិនិត្យគុណភាពនៃការសាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង ក្នុងការកាត់បន្ថយភាពខ្ជះខ្ជាយថវិកាជាតិ និង ខាតបង់ពេលវេលាផងដែរ ។ គម្រោងផ្លូវ ៣៨ខ្សែនេះ អនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន ទី១-កងវិស្វកម្មលេខ ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម, ទី២-កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ,ទី៣-កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ,ទី៤-អគ្គនាយកដ្ឋាន សាធារណការ ,ទី៥-អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ,ទី៦-នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ,ទី៧- នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ទី៨-មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ។
ការសាងសង់នេះត្រូវពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និង ការអនុវត្តតាមលក្ខខណ្ឌតម្រូវ នៃស្តង់ដាបច្ចេកទេសធានាបាននូវគុណភាពជាប់រឹងមាំប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន ប្រសិទ្ធភាពខ្ពស់ និងសម្រេចការងារឱ្យបានទាន់ពេលវេលា ដោយគិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចលទ្ធផលការងារបាន១៨%ហើយ ។
ជាមួយគ្នានេះឯកឧត្តម អភិបាល និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ សុំមានការយោគយល់ អធ្យាស្រ័យ អត់ធ្មត់ចំពោះការរំខាន និងផលប៉ះពាល់ដោយសារដំណើរការការដ្ឋានសាងសង់ និងចូលរួមសហការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារបច្ចេកទេស ដើម្បីឲ្យដំណើរការគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនេះ អនុវត្តទៅដោយរលូន និងអាចប្រែក្លាយទីក្រុងសៀមរាបទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ លើកកម្ពស់សោភ័ណភាពក្រុងឲ្យស័ក្កិសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ