Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ មិនទាន់មាន​ចំណាត់ការ​រឿង​ស្នងការរង​នគរបាល​ខេត្តតាកែវ និង​បក្ខពួក បង្ខាំង​មនុស្ស​ជម្រិត​ទារប្រាក់ ៣០​ម៉ឺន​ដុល្លារ​

​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ ក្រសួងមហាផ្ទៃ​នៅ​មិនទាន់មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​បក្ខពួក ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ជម្រិត​ទារប្រាក់ ៣០​ម៉ឺន​ដុល្លារ​ពី​ជនរងគ្រោះ​។ ការ​មិនទាន់មាន​វិធានការ​ដោយសារតែ​ការស្រាវជ្រាវ​ស៊ើបអង្កេត​។​

លោក អ៊ីវ លាង អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា ចំពោះ​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​បក្ខពួក ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ជម្រិត​ទារប្រាក់ ៣០​ម៉ឺន​ដុល្លារ​ពី​ជនរងគ្រោះ គឺ​ការស្រាវជ្រាវ​នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។ ហើយក​កំពុងតែបន្ត​ការស្រាវជ្រាវ​ជា​បន្តទៀត មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ​។​

​នាយកដ្ឋាន​ទទួល​ពាក្យបណ្តឹង និង​អង្កេត​ស្រាវជ្រាវ​កិច្ចការ​នគរបាល នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ បាន​ចុះទៅ​ធ្វើការ​អង្កេត​ស្រាវជ្រាវ​លើ​ករណីនេះ តាម​ការណែនាំ​របស់​ស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ប្រាប់ CEN ថា “​ខ្ញុំ​កំពុងតែ​ឲ្យ​គេ​បិទ​បញ្ចប់ ដើម្បី​នឹង​របាយការណ៍​មក​ខ្ញុំ​”​។​

សម្តេច​ក្រឡាហោម ស ខេង បាន​សង្កត់ធ្ងន់ថា អ្នកណា​ក៏ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស គឺមាន​ទោស​ហើយ បើ​រកឃើញថា មាន​ភស្តុតាង​។​
សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា “​ខ្ញុំ​បានប្រគល់​ឲ្យ ចាន់ អ៊ា​ន ចាត់ចែង​”​។​
ចំណែក​លោក​ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា រឿង​ស្នងការរង​នគរបាល​ខេត្តតាកែវ​នឹង​បក្ខពួក​បង្ខាំង​មនុស្ស​ជម្រិត​ទារប្រាក់ ៣០​ម៉ឺន​ដុល្លារ គឺ​គេ​កំពុងតែ​ស្រាវជ្រាវ​។​
​ទាក់ទង​ករណីនេះ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជា​ឲ្យ​នាយកដ្ឋាន​ទទួល​ពាក្យបណ្តឹង និង​អង្កេត​ស្រាវជ្រាវ​កិច្ចការ​នគរបាល ចុះ​ធ្វើ​ស្រាវ​វ​ជ្រាវ​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​បក្ខពួក ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ជម្រិត​ទារប្រាក់ ៣០​ម៉ឺន​ដុល្លារ​ពី​ជនរងគ្រោះ រួមទាំង​ភាពមិនប្រក្រតី​មួយចំនួនទៀត ដែល​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ​ប្តឹង​។

​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ដាក់ជូន​សម្តេច​ក្រឡាហោម សខេង គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​បក្ខពួក មិនអាច​គេចផុត​ច្បាប់​បានឡើយ គឺ​នឹង​មានទោស​ជាក់​ជាពុំខាន​។​

​របាយការណ៍​របស់​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ចូលកាន់​តំណែង​នៅ​ដើមឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ពុំ​ដែលមាន​ស្នាដៃ​ក្នុងការ​បង្ក្រាប​បទល្មើស​ទេ គឺ​មានតែ​អួតអាង បង្កើត​បក្ខពួក គំរាមកំហែង​ថ្នាក់ក្រោម គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ នៅ​ចុងឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង រួមជាមួយ​បក្ខពួក​បាន​ចាប់​បង្ខាំង​ជនរងគ្រោះ​ជម្រិត​ទារប្រាក់​ចំនួន ២០​ម៉ឺន​ដុល្លារ (​ពីរ​រយ​ពាន់​ដុល្លារ​អាមេរិក​) និង​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង និង​លោក​វរសេនីយ៍ទោ សាក់ ទូច រួមទាំង​បក្ខពួក​បានធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម​ចំនួន ៣​នាក់ និង​ជនជាតិខ្មែរ​ចំនួន ២​នាក់ ជម្រិត​ទារប្រាក់ ១០​ម៉ឺន​ដុល្លារ (​មួយរយ​ពាន់​ដុល្លារ​) និង​បាន​ដកហូតយក​ខ្សែដៃ និង​ខ្សែក ចិញ្ចៀនពេជ្រ​ពី​ជនរងគ្រោះ ដោយមាន​លោក​វរសេនីយ៍ទោ រស់ សេន នាយរង​ការិយាល័យ​បុ​គ្គិល ជា​អ្នកបកប្រែ​។ លុះ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ មាន​តំណាង​របស់​ជនរងគ្រោះ​ចំនួន ២​នាក់ បានមក​ប្តឹងតវ៉ា​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មាស ប៊ុន​ឡី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សម្បត្តិ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ ក្នុង​គោលបំណង​ទាមទារ​ឲ្យ​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រីនគរបាល​ជានខ្ពស់​ខាងលើ និង​ទាមទារ​យក​សម្ភារ​ដែល​បាន​ដកហូត​ពី​ជនរងគ្រោះ​ដែលជា​អ្នក​វិនិយោគិន​វៀតណាម​ត្រឡប់មកវិញ​។
​ក្រោយពី​មាន​បណ្តឹងតវ៉ា ក៏មាន​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​មួយរូប (​មិន​ស្គាល់ឈ្មោះ​) បាន​យក​សម្ភារ​ទៅ​ប្រគល់ជូន​ជនរងគ្រោះ​វិញ​ដល់​រាជធានី​ភ្នំពេញ​។ ករណីនេះ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ធ្លាប់បាន​កោះ​ហោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង មក​សាកសួរ​ពី​ដំណើររឿង​បង្ខាំង​មនុស្ស​ខុសច្បាប់​ម្តង​រួចមកហើយ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×