ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបួងចង្កូតឡើងលើខឿនផ្លូវជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់២ដើម រួចបន្តបើកទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមទៀត។ ចំណែកតៃកុងរថយន្តបើកទ្វាររត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ២ និង ៥០ នាទីយប់ឈានចូលថ្ងៃពុធទី ២៤ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-3239 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតឡើងលើខឿនផ្លូវទៅបុកបង្គោលស្លាកសញ្ញាបាក់២ដើម រួចបន្តបើកទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀត បណ្តាលឲ្យខ្ទាតបង្គោលភ្លើងទៅចិញ្ចើមផ្លូវ។ សំណាងល្អណាស់មិនគ្រោះថ្នាក់ ដល់អ្នករួមដំណើតាមដងផ្លូវ រងការខូចខាតតែរថយន្ត និងទ្រព្យសម្បត្តិរដ្ឋ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត