ភ្នំពេញ ៖ ដោយទទួលបានបទបញ្ជា ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ និងលោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនជាតិបារាំងម្នាក់ នៅចំណុចក្នុងបុរីសុភមង្គល ផ្ទះជួលលេខH12B ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ករណីស្នាក់នៅខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រើប្រាស់អាវុធអាកាដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដទៃ។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិបារាំង ដែលឃាត់ខ្លួនខាងលើមានឈ្មោះ BAUDRY SEBASTIEN ភេទប្រុស អាយុ៤៣ឆ្នាំ។
បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនជនជាតិបារាំង ទៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីពិនិត្យរកមេរោគឆ្លង កូវីដ-១៩ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ បណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផល និងចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ផាន់ សារឿន