ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ពីខេត្តសៀមរាបលើកឡើងថា លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២១នេះថា ការឃាត់បានសត្វឆ្កែជិន៦ក្បាលនេះធ្វើឡើងដោយមន្ត្រីជំនាញញបសុពេទ្យ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ។
លោកបានលើកឡើងថាចំណាត់ការនេះដោយមានកិច្ចសហការជាមួយក្រុមការងារអង្គការ Four Paws បានកំពុងអនុវត្តវិធានការថែទាំសុខភាពសត្វសុនខ ដែលកំពុងធ្វើចត្តាឡីស័កចំនួន៥៨ក្បាលនៅស្ថាននីយស្រាវជ្រាវផលិតកម្ម និងបសុព្យាបាលសត្វទឹកវិល ដោយមន្ត្រីជំនាញបានចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត និងការពារជម្ងឺ DHPP ប្រើថ្នាំកំចាត់ចៃ ដោយAlprocide និងថ្នាំទម្លាក់ព្រូនដោយ Canex/Mebendazole ចាក់មីក្រូឆីប/Animal ID ។
សេចក្តីរាយការណ៍បានអះអាងថាឥឡូវសត្វឆ្កែទាំងនេះបានប្រគល់ទៅឱ្យអង្គការ Four Paws ជាអ្នកគ្រប់គ្រងនិងអនុវត្តន៍និតិវិធីបន្ត។ សត្វឆ្កែទាំងនេះកំពុងតែត្រូវបានថែទាំសុខភាព និងរៀបចំកន្លែងដាក់ពួកវាឱ្យបានត្រឹមត្រូវ បន្ទាប់មកក្រុមការងាររបស់អង្គការនិងស្វែងរកអ្នកដែលចង់ចិញ្ចឹមនិងប្រគល់ពួកវាទៅឱ្យគេចិញ្ចឹម ប៉ុន្តែក្នុងករណីមិនទាន់រកអ្នកចិញ្ចឹមបានអង្គការនិងបន្តមើលថែសត្វឆ្កែទាំងនេះបន្ត ដោយមិនលែងពួកវាឱ្យដើរផ្តេសផ្តាសនោះទេ។
សេចក្តីរាយការណ៍បានលើកឡើងថាចំណាត់ការខាងលើក៏មានការគាំទ្រដោយឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អភិបាលខេត្តសៀមរាប ធ្វើឱ្យមន្ទីរកសិម្មខេត្តសៀមរាក៏បានចេញសេចក្តីជូនដំណឹងមួយលេខ២៩មកខ.សជណ ចុះថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ ពិឃាដសត្វសុនខ(ឆ្កែ) ផងដែរ
គួររំលឹកថាកាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង២៣ និង១០នាទី នៅចំណុចភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប មានរថយន្តមួយគ្រឿងម៉ាកស៊ាំយ៉ុង ពាក់ស្លាកលេខ:ភ្នំពេញ2S2158 បើកបរដោយឈ្មោះ ផាត សៀងហាក់ ចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅខេត្តកំពង់ចាម បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយពិនិត្យឃើញក្នុងរថយន្តមានដឹកសត្វសុនខចំនួន៥៨ក្បាល(ញី៣៨ក្បាល)ធ្វើអាជីវកម្ម មន្ត្រីនគរបាលចរាចរណ៍ក៏បានបញ្ជូនសត្វឆ្កែទាំងនោះមកមន្ត្រីជំនាញបសុព្យាបាល៕ រក្សាសិទ្ធិដោយ៖CEN