ប្រទេសកូរ៉េខាងជើងបានបញ្ជូនវត្ថុធាតុដើមជាច្រើនទៅដល់ប្រទេសស៊ីរី ហើយវត្ថុធាតុដើមទាំងនោះ
អាចនឹងត្រូវគេប្រើប្រាស់ក្នុងការផលិតអាវុធគីមី។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃពុធ
ទី ២៨ ខែកុម្ភះនេះ។
វត្ថធាតុដើមទាំងនោះរួមមាន ឥដ្ឋការ៉ូប្រឆាំងអាស៊ីត សន្ទះសំរាប់បើកបង្ហូរ ឬបិត និងបំពង់ជាដើម។
បើតាមរបាយការណ៏របស់អង្គការសហប្រជាជាតិដែលមិនទាន់បានបញ្ចេញ បានឲ្យដឹងថា អ្នកជំនាញមីស៊ីលរបស់កូរ៉េខាងជើង ត្រូវបានគេបញ្ជូនទៅកាន់រោងចក្រផលិតអាវុធរបស់ស៊ីរី។
ការផ្គត់ផ្គងសំភារៈទៅដល់ប្រទេសស៊ីរី ដោយកូរ៉េខាងជើងគឺសុទ្ធតែជារបស់ហាមឃាត់ រួមមាន ការ៉ូប្រឆាំងអាស៊ីត និងកំដៅ ប្រដាប់បង្ហូរអាស៊ីត និងឧបករណ៏វាស់សីតុណ្ហភាពផងដែរ។ ការរ៉ូធន់នឹងអាស៊ីត ត្រូវបានគេជឿថា អាចនឹងប្រើប្រាស់ដើម្បីសាងសង់រោងចក្រកផលិតអាវុធគីមី។
បើតាមសេក្តីរាយការណ៏របស់ Wall Street Journal បានឲ្យដឹងថា មានការដឹកជញ្ជូនសំភារៈទាំងនោះទៅកាន់ប្រទេសស៊ីរីចំនួន ៥ដង តាមរយៈក្រុមហ៊ុនជំនួញចិន ក្នុងកំឡុងចុងឆ្នាំ ២០១៦ និងដើមឆ្នាំ ២០១៧។
ការចោទប្រកាន់ថាកូរ៉េខាងជើងជាអ្នកផ្តល់ជំនួយដល់ស៊ីរីក្នុងការផលិតអាវុធគីមី បានកើតឡើង ក្រោយពេលមានសេចក្តីរាយការណ៏ថ្មីៗ អំពីឧស្ម័នពុល ដែលត្រូវបានប្រើប្រាស់ដោយកងកំលាំងស៊ីរី។
ទោះយ៉ាងណា របបស៊ីរីបដិសេធថា ខ្លួនប្រើប្រាស់អាវុធគីមី៕ សុភ័ក្ត្រ