ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តfordមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជា៤ មិនប្រយ័ត្នបានរេចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុ រង់ចាំដោះស្រាយនិងជនរងគ្រោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ទី២៤ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ
ឌួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកfordមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ2-BK 7174 ធ្វើដំណើរតាមបណ្តោយផ្លូវឌួងងៀប ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ មិនប្រយ័ត្នបានជ្រុលទៅបុកម៉ូតូម៉ាកWAVEមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ
ក្រចេះ 1E 8689 ជិះដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ចំពីចំហៀងខាងមុខម៉ូតូពេញទំហឹងបណ្តាលឲ្យប៉ើងម៉ូតូ ទៅមុខជាច្រើនម៉ែត្រ និងរងរបួសម្ចាស់ម៉ូតូធ្ងន់បញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចុះមកដល់រួចក៏បានទំនាក់ទំនងទៅខាងចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក ស្នងករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សា មេត