ភ្នំពេញ៖ លោក ច្រឹក សុខនីម អ្នកជំនាញអចលនទ្រព្យ និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ ងារអចលនវត្ថុកម្ពុជា បានប្រាប់បណ្តាញព័ត៌មានថា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តមណ្ឌលគិរី និង ខេត្តពោធិ៍សាត់ នឹងក្លាយជាទីតាំងដ៏ពេញនិយមជាងគេ សម្រាប់ការវិនិយោគផ្ទះសម្រាកលម្ហែកាយ ដោយសារទីតាំងទាំងនេះ មានអំណោយផលអាកាសធាតុ និងសម្រស់ធម្មជាតិស្រស់ស្អាត។
អ្នកជំនាញវិស័យអចលនទ្រព្យរូបនេះ បានលើកឡើងថា ខេត្តកំពត ជាទិសដៅឈានមុខគេ ក្នុងចំណោមទីតាំងសក្តានុពលទាំងបួនខាងលើ សម្រាប់ការទាក់ទាញវិនិយោគផ្ទះសម្រាកលម្ហែកាយ ឬផ្ទះទីពីរ កំពុងពេញនិយម ក្នុងចំណោមអ្នកមានជីវភាពធូធារ និងជនជាតិបរទេស ដែល កំពុងប្រកបការងារ និងរស់នៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «កំពតជាខេត្ត ដែលមានសក្តានុពលពិសេសជាងគេ ព្រោះនៅទីនេះមានទាំងមាត់សមុទ្រ សម្រស់ធម្មជាតិព្រៃភ្នំ រួមទាំងតំបន់ទេសចរណ៍ជាច្រើនផ្សេងទៀត។ ម្យ៉ាងវិញទៀត ការធ្វើដំណើរវិលត្រឡប់រវាងរាជធានីភ្នំពេញ និងខេត្តកំពត កាន់តែឆាប់រហ័សជាងមុន ដោយសារផ្លូវតភ្ជាប់ទៅខេត្តនេះ ត្រូវបានស្ថាបនាកាន់តែប្រសើរឡើង ស្របពេលដែលផែទេសចរណ៍អន្តរជាតិកំពតត្រៀម បើកដំណើរការនាពេលខាងមុខនេះផងដែរ»។
លោក ច្រឹក សុខនីម បានបញ្ជាក់បន្ថែមថា៖ «រយៈពេលប្រាំឆ្នាំទៀត ខេត្តកំពត នឹងមានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ជាពិសេសការវិនិយោគផ្ទះលម្ហែកាយ ព្រោះថា នៅទីនេះនៅមានទីតាំងដីទូលំទូលាយដែលអាចសាងសង់ផ្ទះលម្ហែបានច្រើន។»
គួរបញ្ជាក់ថា បើតាមអ្នកជំនាញអចលនទ្រព្យ តំបន់ខាងលើទាំងបួននេះ មានសក្តានុពលពិសេសផ្សេងៗគ្នា។ ខេត្តព្រះសីហនុ និងខេត្តកំពត មានទីតាំងស្ថិតនៅជាប់មាត់សមុទ្រ ដែលអាចទាក់ទាញ ភ្ញៀវទេសចរទៅកម្សាន្ត ដោយងូតទឹកសមុទ្រ និងហូបគ្រឿងសមុទ្រជាដើម ចំណែកឯខេត្តមណ្ឌល គិរី និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់វិញ ក៏ជាតំបន់ដែលមាន អំណោយផលសម្រស់ធម្មជាតិដ៏ ស្រស់ស្អាត ក្នុងការទាក់ទាញអ្នកទេសចរណ៍ទៅកម្សាន្តលេង និងវិនិយោគផងដែរ៕ រក្សាសិទ្ធិដោយ៖CEN