ភ្នំពេញ ៖ មានពាក្យប្តឹងអនាមិកមួយ បានចោទប្រកាន់លោក គឹម ថន នាយកសាលាមឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង ថា ប្រើប្រាស់ថវិកាសាលាមិនមានតម្លាភាព និងទារលុយពីអាណាព្យាបាលសិស្ស។ នេះបើតាមការផ្សាយក្នុងផេករបស់អង្គភាពប្រឆាំងអំពើពុករលួយ។
អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្តឹងចោទប្រកាន់លោក គឹម ថន នាយកសាលាមឋមសិក្សាហ៊ុនសែនថ្នល់ទទឹង ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីនិងភារកិច្ច ដូចជា ប្រើប្រាស់ថវិកាសាលាមិនមានតម្លាភាព តម្រូវឲ្យអាណាព្យាបាលសិស្សបង់ប្រាក់ពេលសុំពាក្យចូលរៀន និងតម្រូវឲ្យមានអ្នកលក់ដូរ និងរថយន្តដឹកសិស្សក្នុងសាលាបង់ប្រាក់ប្រចាំខែ។
តាមការបំភ្លឺរបស់គឹម ថន និងតាមការស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយ ទៅដល់ទីតាំងជាក់ស្តែង យើងសង្កេតឃើញថា បរិវេណនៅក្នុងសាលាមានការអភិវឌ្ឍន៍ មានបរិស្ថានល្អ មានបំពាក់កាម៉េរ៉ាសុវត្ថិភាព រីឯការយល់ឃើញរបស់អាណាព្យាបាលសិស្ស បានបង្ហាញអំពីភាពពេញចិត្តចំពោះការដឹកនាំរបស់លោកនាយក ដោយលោកនាយកពុំបានតម្រូវឲ្យអាណាព្យាបាលសិស្ស អ្នកលក់ដូរ និងរថយន្តដឹកសិស្ស បង់ប្រាក់ទេ ការបង់ប្រាក់នេះគឺប្រើប្រាស់គោលការណ៍ការស្ម័គ្រចិត្តតែប៉ុណ្ណោះ៕ ដោយ៖បញ្ញាស័ក្តិ