ភ្នំពេញៈ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ អាចប្រឈមមុខនឹងការលុបឈ្មោះចេញពីកងទ័ព បើសិនជាតុលាការរកឃើញថា មានកំហុសបានប្រព្រឹត្តដូចជាការចោទប្រកាន់របស់ស្ត្រីរងគ្រោះមែននោះ ពាក់ព័ន្ធករណីប្រើអំពើហិង្សា គំរាមបាញ់សម្លាប់ និងបង្ខាំងមនុស្សដោយខុសច្បាប់។
តុលាការបានចេញដីកាកោះបង្គាប់ឲ្យលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
ការកោះហៅនេះ បានធ្វើឡើងបន្ទាប់ពីស្ត្រីរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស បានដាក់ពាក្យប្តឹងទៅតុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ប្រាប់ CEN ថា ចំពោះករណីលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន គឺជនរងគ្រោះបានប្តឹងទៅតុលាការហើយ គឺលោកបានមានវិធានការឲ្យលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ចូលខ្លួនទៅឆ្លើយបំភ្លឺនៅតុលាការខេត្តកំពង់ស្ពឺនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមផ្លូវច្បាប់។ ហើយចំពោះរឿងនេះ គឺអត់មានអ្នកណាមួយមកការពារលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន គឺធ្វើទៅតាមផ្លូវច្បាប់។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិបានសង្កត់ធ្ងន់ថា បើសិនជាតុលាការកាត់ក្តីថា លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន គឺក្នុងកងទ័ពត្រូវលុបឈ្មោះចោលតែម្តង។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាយ៉ាងដូច្នេះថា “ដើមបណ្តឹងដែលជាអ្នករងគ្រោះ គេបានប្តឹងទៅតុលាការហើយ គឺខ្ញុំមានវិធានការមួយឲ្យមនុស្សហ្នឹង (លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន) ចូលខ្លួនទៅតាមផ្លូវច្បាប់ ហើយអត់មានអ្នកណាមួយមកការពារទេ ខ្ញុំបានណែនាំអប់រំហើយអស់ហើយ គឺកាលណាដីកាកោះហៅត្រូវតែចូលខ្លួនដើម្បីទៅដោះស្រាយ ហើយបើសិនណាចូលខ្លួនហើយ តុលាការកាត់ថា មនសុ្សហ្នឹងខុស គឺត្រូវទៅតាមតុលាការគេកាត់ ហើយក្នុងកងទ័ពយើងត្រូវតែលុបឈ្មោះគាត់ចោលតែម្តង”។
បើយោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹក ថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែពីរនាក់លើដងផ្លូវស្ថិតនៅចំណុចមុំរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល ឈ្មោះ សូយ ចាន់ធឿន បានវាយដំអ្នកស្រី និងបានដកកាំភ្លើងខ្លីភ្ជង់គម្រាមមិនឲ្យស្រែក និង គំរាមបាញ់បំបាក់ជើង និងបាញ់សម្លាប់ តាមផ្លូវរហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំងបានចាប់បង្ខាំងទុកនៅផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍រំដោះអ្នកស្រី ចេញពីផ្ទះដែលបានបង្ខាំងអ្នកស្រីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ រក្សាសិទ្ធិដោយៈ ចេស្តារ