ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងសរុបបន្តដាក់ពង្រាយបង្កើនពង្រឹងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ទាំងយប់ទាំងថ្ងៃនៅគោលដៅទីតាំងធ្វើចត្តាឡីស័កនិងទីតាំងដែលត្រូវបិទបណ្តោះអាសន្នដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ដើម្បីបង្ការទប់ស្កាត់ចំពោះអ្នកធ្វើចត្តាឡីស័កដែលចង់គេចវេសមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលតាមបណ្តាខណ្ឌ ប្រចាំការការពារត្រួតពិនិត្យនិងបានដាក់រនាំងដែក រឹតត្បិត នៃការចេញចូលនៅក្នុងតំបន់រឺទីតាំងដែលត្រូវហាមឃាត់ដាក់ឱ្យធ្វើចត្តាឡីស័ករួមមានៈនៅចំណុចមជ្ឈមណ្ឌលកោះពេជ្រ សណ្ឋាគារសុខា នៅខណ្ឌជ្រោយចង្វារ និង នៅគោលដៅសណ្ឋាគារ ខុនដូ នៅខណ្ឌបឹងកេងកង រួមនឹងទីតាំងធ្វើចត្តាឡីស័កនៅតាមបណ្តាខណ្ឌមួយចំនួនទៀតផងដែរ។
ក្រៅពីការប្រើប្រាស់កម្លាំងយាមតាមគោលដៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមផែនការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានប្រើប្រាស់កម្លាំងអន្តរាគមន៍ជាមួយមធ្យោបាយនិងបំពាក់សម្ភារៈចុះល្បាតចល័តជាប្រចាំអនុវត្តតាមវេនប្រចាំបញ្ជាដោយចេញត្រួតពិនិត្យនៅគោលដៅធ្វើចត្តាឡីស័កដោយមានលោកលោកស្រីស្នងការរងនិងលោកនាយការិយាល័យជំនាញដឹកនាំកម្លាំងដើម្បីចុះត្រួតពិនិត្យនិងទទួលខុសត្រូវខ្ពស់។
ការរឹតបន្តឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នៅគោលដៅទីតាំងដាក់ឱ្យធ្វើចត្តាឡីស័កពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីបង្កើនប្រុងប្រយ័ត្នខ្ពស់ចំពោះបុគ្គលគេចវេសមិនចង់ធ្វើចត្តាឡីស័កដែលជាបញ្ហាប្រឈមបង្កឱ្យរីករាលដាលជំងឺកូវីដ១៩។
រាជធានីភ្នំពេញត្រូវគេមើលឃើញថា បានផ្ទុះរាលដាលឆ្លងជំងឺកូវីដ១៩ចូលសហគមន៍ជាលើកទី៣ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ដែលការឆ្លងចូលសហគមន៍លើកទី៣នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាមានសភាពធ្ងន់ធ្ងរជាងព្រឹត្តិការណ៍លើកទី១ ថ្ងៃ០៣វិច្ឆិកា និងលើកទី២ ថ្ងៃ២៨ វិច្ឆិកា ២០១៩ កន្លងទៅនេះ។
ទីតាំងដែលអាជ្ញាធររាជធានីភ្នំពេញរកឃើញថាជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០ កុម្ភៈ មានរហូត៧៥កន្លែង ក្នុងរាជធានីភ្នំពេញ ។ ទីតាំងទាំងនោះមានទាំងសាលារៀន ខុនដូ បុរី សណ្ឋាគារ ផ្ទះសំណាក់ លំនៅឋាន ភោជនីយដ្ឋាន ក្លឹបកម្សាន្ត ជាដើម៕ រក្សាសិទ្ធិដោយៈ ចេស្តារ