Tuesday, May 24, 2022

ខឹង​កុម្ម៉ង់​បទ​ចម្រៀង​មិនបាន បោក​កែវ​បែក​ខ្ទាត​ត្រូវ​នារី​រត់​តុ​រងរបួស ខាង​ស្រី​ប្តឹង​ទារលុយ​១០០០​ដុល្លារ អត់​មាន​លុយ​សង ប៉ូលិស​ចាប់វាយ​ខ្នោះ​

​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពីបទ​ហិង្សា​ដោយ​ចេតនា បោក​កែវស្រា​ឲ្យ​បែក​ខ្ទាត​ត្រូវ​នារី​រត់​តុ​ម្នាក់​រងរបួស ក្រោម​ភ្នែក​ខាងស្ដាំ​ដេរ​ចំនួន​៣​ថ្នេរ​។ ករណីនេះ​កើតហេតុ​នៅក្នុង​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ២៣​និង​០០​នាទី ស្ថិតនៅ​ចំណុច​ក្នុង​ភោជនីយដ្ឋាន ទីក្រុង អាន់​ឆ័​រ មា​នទី​ដីឡូត៍​លេខ​២៩ ផ្លូវ​លេខ​២៦១ ក្រុមទី​៣២ ភូមិ​១១ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ជួប សុខ​ជ័រ ហៅ ជ័រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ចំណែក​ជនរងគ្រោះ​ឈ្មោះ កាន សុផាត​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ភោជនីយដ្ឋាន​ទីក្រុង អាន់​ឆ័​រ ស្នាក់នៅ​ផ្ទះជួល​លេខ​២៥២ ផ្លូវ​លេខ​២៦១ ក្រុមទី​២៧ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​ពិនិត្យ​ទីកន្លែង​កើតហេតុ​រកឃើញ​មាន​វត្ថុតាង​រួមមាន​៖
​កម្ទេច​អំបែង​កែវ​សម្រាប់​ផឹកស្រា​បៀរ មួយចំនួន (​ជា​របស់​ជនសង្ស័យ​ឈ្មោះ ជួប សុខ​ជ័រ ហៅ ជ័រ បោក​កែវស្រា​នៅពេល​ខឹង​ម្ចាស់​ហាង​មិន​ចាក់​បទ​ចម្រៀង​ដែល​ជនសង្ស័យ​កុម្ម៉ង់​ឲ្យ​ខ្លួន​ស្ដាប់​) ។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បាន​យក​ទឹកនោម​ជនសង្ស័យ​មក​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ជា​លទ្ធផល អវិជ្ជមាន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង​សាម​