ភ្នំពេញ ៖ បុរសម្នាក់លេបថ្នាំងងុយដេក៤០គ្រាប់ រួចលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាមិត្តភាពកម្ពុជាជប៉ុន បានសម្រេចតែមិនស្លាប់ ព្រោះចេះហែលទឹក ពេលធ្លាក់ដល់ក្នុងទឹកអណ្តែតឡើងមកវិញ បានហែលទៅតោងសសរស្ពាន ភ្លាមនោះក៏មានទូកប្រជានេសាទខ្មែរឥស្លាម ជួយស្រង់និងដឹកយកមកក្រោមស្ពានច្រាំងទន្លេត្រើយខាងលិច ដើម្បីជួយសង្គ្រោះ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២៧ខែកុម្ភៈឆ្នាំ ២០២១ ត្រង់ចំណុចនៅលើស្ពានមិត្តភាពកម្ពុជាជប៉ុន ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានប្រាប់ក្រុមការងារយើងឲ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើដោះស្បែកជើងដាក់ក្បែរបង្កាន់ដៃស្ពាន រួចដើរទៅឈរលើបង្កាន់ដៃត្រង់ចំណុចរង្វង់ក្រចកស្ពាន បានលោតសម្លាប់ខ្លួនតែម្ដង បន្សល់ទុកនូវស្បែកជើងជំពាមពណ៌ខៀវឆ្នូតសខ្មៅ១គូរ ពេលលោតធ្លាក់ចូលក្នុងទឹករួចក៏ឃើញអណ្ដែតមកវិញ បុរសខាងលើក៏ហែលទៅតោងសសរស្ពាន ភ្លាមនោះក៏មានបងប្អូនប្រជានេសាទខ្មែរឥស្លាម ចេញទូកទៅជួយសង្គ្រោះស្រង់ដាក់លើទូករួចដឹកយកមកច្រាំងទន្លេខាងក្រោមស្ពានត្រើយខាងលិច ដើម្បីជួយសង្គ្រោះ។
បុរសដែលលោតទឹកសម្លាប់ខ្លួនមិនបានសម្រេច លោកបានប្រាប់ក្រុមការងារយើងថា គាត់មានឈ្មោះ យ៉ុង សុគន្ធ ហៅគង់អាយុ ៤១ ឆ្នាំស្នាកនៅម្ដុំផ្សារថ្មី មូលហេតុដែលគាត់លេបថ្នាំហើយមកលោតទឹកសម្លាប់ខ្លួននេះ ដោយសារតែខឹងនឹងអ្នកជំពាក់លុយមិនសងគាត់ ចំណែកគាត់ជំពាក់លុយគេគាត់សងគេរួចរាល់អស់ហើយ តូចចិត្តខ្លួនឯងក៏មកលោតទឹកធ្វើអត្តឃាតសម្លាប់ខ្លួនតែម្ដងទៅ។
ក្រោយពេលកើតហេតុម្ចាស់ទូកទាំង ៣ នាក់បានដោះអាវជួយរឹតប្រេងកូឡា ឲ្យបុរសខាងលើ និងបានទំនាក់ទំនងទៅរថយន្តសាមុយ នៃមន្ទីរពេទ្យកាល់ម៉ែត ដឹកបុរសខាងលើទៅសង្គ្រោះភ្លាមៗ៕ រក្សាសិទ្ធិដោយ៖សារឿន







