ភ្នំពេញ ៖ ថ្មីៗនេះ រូបភាពមួយសន្លឹក ដែលបង្ហាញឲ្យឃើញជាពិសេសរថយន្តនៃសាលាបង្រៀនបើកបរ «២៣ តុលា» ឈប់នៅលើគំនូសសអ្នកថ្មើរជើង ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចែករំលែកឡើងព្រោងព្រាត ដែលបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង។
យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាពដ៏ហួសចិត្តបែបនេះ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ ទី ចំរើនកុសល ក៏បានបង្ហោះសារផ្ញើទៅកាន់សាលាបង្រៀនបើកបរ ២៣ តុលា យ៉ាងដូច្នេះថា៖ «ផ្ញើឲ្យសាលាបង្រៀនបើកបរ២៣តុលា! មិនត្រូវឈប់លើគំនូសសដាច់ៗនេះទេ ព្រោះវាជាកន្លែងថ្មើរជើង។ ខ្លួនជាថ្នាលបណ្តុះបណ្តាលកន្លែងរៀនបើកបរ ប៉ុន្តែ បែរជាមិនគោរពច្បាប់បែបនេះ។»។
ក្រោយពីបានឃើញឧត្តមសេនីយ៍ ទី ចំរើនកុសល ផ្ញើសារបែបនេះ សាលាបង្រៀនបើកបរ ២៣ តុលា ក៏បានធ្វើការឆ្លើយតបភ្លាមៗគួរឲ្យភ្ញាក់ផ្អើលថា៖ «សូមអរគុណលោកឧត្តមសេនីយ៍ ទី ចំរើនកុសល ចំពោះការយកចិត្តទុកដាក់ និងផ្តល់ជាមតិយោបល់ យើងខ្ញុំសូមធ្វើការបញ្ជាក់ម្តងទៀតពីបញ្ហានេះ ដោយសាររូបថតនេះតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ហើយសាលាក៏បានលើកបញ្ហានេះមកបកស្រាយក្នុងវិទ្យុ ABC និងក្នុងផេកភ្លាមៗ រួចមកហើយដែរ លោកគញរូបង្រៀនក៏បានទទួលការពិន័យរួចរាល់តាំងពី ២០១៧ នោះមក។ ដោយសេចក្តីគោរព ពីសាលាបង្រៀនបើកបរ ២៣ តុលា »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


