ភ្នំពេញ ៖ ស្ត្រីម្នាក់ជំពាក់លុយគេជាង១០០០ដុល្លារ មិនមានលុយសង ដោយខ្លាចគេប្តឹងចាប់ដាក់គុក មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា តែមិនសម្រេច ព្រោះសមត្ថកិច្ចនៅទីនោះឃាត់ទាន់ពេលវេលា។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ ២០២១ ចំណុចលើស្ពានជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជា -ជប៉ុន ) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ស្ត្រីខាងលើឈ្មោះញ៉ែម ច្រឹប អាយុ៤២ឆ្នាំ មិនប្រាប់ពីកន្លែងគាត់ស្នាក់នៅនោះទេ មានប្តីជាកម្មករសំណង់ និងមានកូនប្រុសម្នាក់។
តាមប្រភពព័ត៌មានពីស្ត្រី ខាងលើ បានឱ្យដឹងថា គាត់បានជំពាក់លុយគេចំនួន១២០០ដុល្លារ ដោយគិតអ្វីមិនចេញហើយរកលុយសងគេវិញមិនបាន ហើយខ្លាចម្ចាស់លុយប្តឹងក៏សម្រេចចិត្តជិះម៉ូតូឌុបពីម្តុំវត្តអង្គតាម៉ិញ ក្នុងខណ្ឌពោធិ៍សែនជ័យ មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែមិនទាន់បានលោតផង សមត្ថកិច្ចឃើញទាន់ក៏ឃាត់និងនាំខ្លួនមកសួរនាំតែម្តង។
ស្ត្រីខាងលើបន្ទាប់ពីប៉ងលោតទឹកសម្លាប់ មិនបានសម្រេចសមត្ថកិច្ចប្រចាំគោលដៅ បានទាក់ទងយុវជនម្នាក់ ដែលអះអាងថា ជាកូនប្រុសរបស់ស្ត្រីខាងលើឱ្យឌុបតាមម៉ូតូត្រឡប់ទៅផ្ទះវិញ៕ រក្សាសិទ្ធិដោយ៖សារឿន





