Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ក្លែង​ហត្ថលេខា និង​ត្រា​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី : តុលាការ​ឃុំខ្លួន​ផ្កាយ​បី​ម្នាក់​និង​បក្ខពួក ៣​នាក់​

​ភ្នំពេញៈ នៅ​ទីបំផុត​តុលាការ​បានសម្រេច​ឃុំខ្លួន​ផ្កាយ​បី​យោធា និង​បក្ខពួក​ចំនួន ៣​នាក់ ដាក់ពន្ធនាគារ​ពាក់ព័ន្ធ​ករណី​ក្លែង​លិខិត ក្លែង​ហត្ថលេខា និង​ត្រា​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ដើម្បី​ធ្វើលិខិត ស​.​ជ​.​ណ ពាក់ព័ន្ធ​ដី​ទំហំ ៨.៦០​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ក្នុងតម្លៃ ១​លាន ៥​សែន​ដុល្លារ​។

​ផ្កាយ​បី​យោធា និង​បក្ខពួក​ចំនួន ៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៣-២៦ ខែកុម្ភៈ ឆ្នាំ​២០២១ និង​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ នេះ​។​
​វត្ថុតាង​ដកហូត​រួមមាន : អាវ​យោធា​ដៃខ្លី ដែលមាន​ផ្លាកឈ្មោះ ឧ​.​យ៉ាន់ ចំណាប់ និង​ឋានន្តរស័ក្តិ​ផ្កាយ​៣ ០១​គូរ​។​ទូរ​សព្ទ​ដៃ ០៧​គ្រឿង រថយន្ត ០៤​គ្រឿង (Land Cruiser ០១​គ្រឿង Lexus 330 ០២​គ្រឿង និង​Mercedes ០១​គ្រឿង​) អាវុធខ្លី ០១​ដើម និង​ឯកសារ​វត្ថុតាង​មួយចំនួន​។​

​លោក​រស់ ផុន​ចាន់​និមល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ទាំង ៤​នាក់​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។ ដោយ​ក្នុងនោះ ឈ្មោះ យ៉ាន់ ចំណាប់ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង (​ក្លែង​លិខិត ក្លែង​ហត្ថលេខា និង​ត្រា​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​) ប្រើប្រាស់​នូវ​ឯកសណ្ឋាន​ជាអាទិ៍ ដែលមាន​ភាព​ប្រហាក់ប្រហែល​និង​យោធា និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។
​ឈ្មោះ សួន ផល្លី , ឈ្មោះ យ៉ែម សារឿន ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។​
​ឈ្មោះ មាស ភូ​រិន្ទ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​សមគំនិត​ក្នុង​អំពើ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។​
​តាម​ចម្លើយសារភាព​របស់​ឈ្មោះ យ៉ែម សារឿន ក្នុងនាម​ខ្លួន​ជា​តំណាង​ប្រជាពលរដ្ឋ​៣១​គ្រួសារ​នៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល បាន​ផ្តិតមេដៃ​ស្នើសុំ​កាត់​ដី​បឹង​ចំណុច​បឹង​ក​ញ្ច្រាំ ចំនួន ៨.៦០​ហិច​តា ពេលនោះ​នៅក្នុង​ឆ្នាំ​២០១៧ ខ្លួន​បាន​ពឹងពាក់​ឈ្មោះ ហម សន្ធិ ឱ្យជួយ​រត់ការ​សុំ​ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល និង​ក្រសួង​ធនធានទឹក​ដើម្បី​កាត់​ដី​នេះ ប៉ុន្តែ​មិនបាន​សម្រេច​។ បន្ទាប់មក​នៅ​ឆ្នាំ​២០១៩​ឈ្មោះ យ៉ែម សារឿន បាន​ពឹង​ឈ្មោះ​ឡុង សុខ ឱ្យជួយ​រត់ការ​ម្តងទៀត ប៉ុន្តែ​មិនបាន​សម្រេច រហូតមកដល់​ឆ្នាំ​២០២០ ឈ្មោះ យ៉ែម សារឿន បាន​ពឹង​ឈ្មោះ សួន ផល្លី ដើម្បី​រត់ការ​សុំ ស​.​ជ​.​ណ និង​កាត់​ដី​ពី​ក្រសួង​ធនធានទឹក​នៅ​ចំណុច​ខាងលើ ដោយ មាន​ធ្វើ​កិច្ចសន្យា​ព្រមព្រៀងគ្នា​លើ​តម្លៃ និង​មាន​រយៈពេល​កំណត់​។ លុះ​មកដល់​ថ្ងៃទី​២៨.០១.២០២១ ឈ្មោះ សួន ផល្លី បាន​ផ្ញើលិខិត​បង្គាប់ការ លេខ​៣៨ អ​អរ​/២១ តាមរយៈ​ប្រព័ន្ធ Telegram មកឱ្យ​ឈ្មោះ យ៉ែម សារឿន​។
​បន្ទាប់ពី​ទទួលបាន​លិខិត​បង្គាប់ការ​នេះហើយ ឈ្មោះ យ៉ែម សារឿន បាន​ថតចម្លង​ឯកសារ​នេះ​ចេញ​ជាច្រើន​សន្លឹក និង​បានឱ្យ​ឈ្មោះ​ម៉េង ទៅ​សួរ​មេឃុំ​ព្រែកតាទែន ដើម្បី​ស្នើសុំ​ការចុះវាស់វែង​។
-​តាម​ចម្លើយសារភាព​របស់ ឈ្មោះ សួន ផល្លី បានឱ្យដឹងថា​ខ្លួន​បានទទួល​ការពឹង​ពាក់​ពី​ឈ្មោះ យ៉ែម សារឿន ដើម្បី​រត់ការ​កាត់​ដី​បឹង​ក​ញ្ច្រាំ នៅ​ចំណុច ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដែលមាន​ទំហំ ៨.៦០​ហិច​តា​ដើម្បី​ស្នើសុំ ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ទីតាំង​ខាងលើ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៣១​គ្រួសារ​។ ដោយ​ធ្វើការ​ព្រមព្រៀង​ក្នុងតម្លៃ​១.៥០០.០០០$ (​មួយ​លាន​ហាសិប​ម៉ឺន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ធ្វើ​កិច្ចព្រមព្រៀង​ស្តីពី​ការផ្តល់​សេវាកម្ម​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​រួចមក​ខ្លួន បាន​ពឹងពាក់​ឱ្យឈ្មោះ យ៉ាន់ ចំណាប់ ជា​អ្នក​ធ្វើលិខិត​បង្គាប់ការ​ពី​រាជរដ្ឋាភិបាល លុះ​មកដល់​ថ្ងៃទី​២៨.០១.២០២១ ឈ្មោះ យ៉ាន់ ចំណាប់​បាន​ផ្ញើ​ឯកសារ​លិខិត​បង្គាប់កា​រ​តាម Messenger មកឱ្យ​ខ្លួន​ពិនិត្យមើល​ខ្លឹមសារ ពេលនោះ​ខ្លួន​ថា​អាច​ទទួលយកបាន​ហើយ ក៏​ឱ្យ យ៉ាន់ ចំណាប់ រៀបចំ​ចុះហត្ថលេខា យកមក​។ នៅ​ថ្ងៃទី​០៤.០២.២០២១​វេលា​ម៉ោង​៨ ឈ្មោះ​យ៉ាន់ ចំណាប់ បាន​មកជួប​ខ្លួន​ដោយ​យក​លិខិត​បង្គាប់ការ​ថតចម្លង​ដែលមាន​លេខ ៣៨ អ​អរ​/២១ ចុះ​ថ្ងៃទី​២៨.០១.២០២១​។ បន្ទាប់ពី​ទទួលបាន​ដីកា​បង្គាប់​នេះ​ភ្លាម​ខ្លួន​ក៏បាន ហៅ​ឈ្មោះ​យ៉ែម សារឿន ឱ្យមក​យក​ដីកា​បង្គាប់ការ​នេះ និង​បានទទួល​ប្រាក់​ចំនួន ២១.០០០$ (​ពីរម៉ឺន​មួយ​ពាន់​ដុល្លារ​) ពី​ឈ្មោះ​យ៉ែម សារឿន​។​

​តាម​ចម្លើយ​របស់ មាស ភូ​រិន្ទ ដែល​ត្រូវជា​កូនចៅ​របស់​ឈ្មោះ សួន ផល្លី បានឱ្យដឹងថា ឈ្មោះ សួន ផល្លី មាន​ទំនាក់ទំនង​ជាមួយ ឈ្មោះ យ៉ាន់ ចំណាប់ និង​ពាក់ព័ន្ធ រឿង​រត់ការ លិខិត​បង្គាប់ការ​នេះ​ពិតប្រាកដ​មែន​។ នៅ​ថ្ងៃទី​២៧.០១.២០២០ វេលា​ម៉ោង​១៧ ឈ្មោះ យ៉ាន់ ចំណាប់​បាន​ថតរូប​ឯកសារ ផ្ញើមក​ឱ្យឈ្មោះ សួន ផល្លី ហើយ​ឈ្មោះ សួន ផល្លី បាន​ប្រើ​ខ្លួន​ឱ្យជួយ​អាន​ខ្លឹមសារ​ឯកសារ​នោះ បន្ទាប់មក​ឈ្មោះ សួន ផល្លី បានឱ្យ​ខ្លួន​ផ្ញើ​ប្រាក់​ទៅឱ្យ ឈ្មោះ យ៉ាន់ ចំណាប់ ជាច្រើន​ដង ក្នុង​មួយដង​ចន្លោះ​ពី ៣០០$​ទៅ ៥០០$ ហើយ​ឈ្មោះ សួន ផល្លី បានឱ្យ​ខ្លួន​បើកឡាន​ជូន​គាត់​ទៅ​ជួប​ឈ្មោះ យ៉ាន់ ចំណាប់ និង​បានប្រគល់​ប្រាក់​ជាច្រើន នៅ​ហាង​កាហ្វេ​PN ម្តុំ​ផ្សារ​ទំនើប​អ៊ី​អន​២​។​

​តាម​ចម្លើយសារភាព​របស់ ឈ្មោះ យ៉ាន់ ចំណាប់ បានឱ្យដឹងថា​នៅ​ថ្ងៃទី​២០.០១.២០២១ ខ្លួន​បានទទួល​ការពឹង​ពាក់​ពី​ឈ្មោះ សួន ផល្លី រត់ការ​រឿង​ដីធ្លី​របស់​ប្រជាជន​៣១​គ្រួសារ​ដែល​ស្ថិតនៅ​ចំណុច បឹង​ក​ញ្ច្រាំ ទំហំ ៨.៦០​ហិច​តា នៅ​ភូមិ​ស្លែ​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដើម្បី​ធ្វើ ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល ដោយ​ឈ្មោះ សួន ផល្លី សន្យាថា​នឹង​ឱ្យប្រាក់​ទៅ​ខ្លួន​៥០.០០០$ ក្រោយពី​ធ្វើបាន​សម្រេច តែ​ខ្លួន​បាន​ទារលុយ​មុន​ចំនួន​១០.០០០$ ។ ដល់​ថ្ងៃទី​២៧.០១.២០២១ វេលា​ម៉ោង​១០​ព្រឹក ឈ្មោះ សួន ផល្លី​បាន ទូរស័ព្ទ​ណាត់​ខ្លួន​ទៅ​ជួប​នៅ​ហាង​កាហ្វេ​ដដែល​នឹង​បានប្រគល់​ប្រាក់​ចំនួន ១០.០០០$ ទៅឱ្យ​ខ្លួន​ដើម្បី​រត់ការ បន្ទាប់មក​ខ្លួន​ក៏បាន ទៅ​ជួប​អ្នក​កាត់ត​ឯកសារ ដែល​ស្គាល់គ្នា​នៅ​ហាង​កាហ្វេ​មួយកន្លែង ដើម្បី​ឲ្យ​កាត់ត​ឯកសារ​ធ្វើ ស​.​ជ​.​ណ ដោយ​ព្រមព្រៀងគ្នា​ក្នុងតម្លៃ​១០០$ (​ទាក់ទង​គ្នា​តាម Telegram) ដល់​ថ្ងៃទី ២៨.០១.២០២១ វេលា​ម៉ោង​១១ អ្នក​កាត់ត​បាន​ផ្ញើ​រូបភាព លិខិត​បង្គាប់ការ គ្មាន​លេខ គ្មាន​ត្រា គ្មាន​ហត្ថលេខា មកឱ្យ​ខ្លួន​តាម Telegram ខ្លួន​ក៏​ផ្ញើ​បន្តទៅ​ឱ្យឈ្មោះ សួន ផល្លី​មើល​។ ក្រោយពី​ព្រមព្រៀងគ្នា​លើ​ខ្លឹមសារ​ហើយ ខ្លួន​ក៏បាន​ឱ្យ​អ្នក​កាត់ត នោះ​ធ្វើលិខិត​បង្គាប់ការ​ដោយមាន​លេខ ឈ្មោះ ត្រា និង​ហត្ថលេខា របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ចុះ​ថ្ងៃទី​២៨.០១.២០២១​។ ក្រោយមកទៀត​ខ្លួន​បាន​ថតចម្លង​លិខិត​នេះ ហើយ​ណាត់ជួប​ឈ្មោះ សួន ផល្លី ដើម្បី​ប្រគល់​លិខិត​នេះ​ឱ្យទៅ​គាត់ និង​ទទួលបាន​ប្រាក់​កក់ ពី​ឈ្មោះ សួន ផល្លី ១០.០០០$​ទៀត ។
​រយៈពេល​ប្រហែល​មួយ​សប្តាហ៍​ក្រោយមក ឈ្មោះ សួន ផល្លី បាន​ទាក់ទង​សួរ​អំពី​លិខិត​ច្បាប់ដើម ខ្លួន​ក៏បាន​កុហក​ឈ្មោះ សួន ផល្លី ថា ម្តង​ថ្ងៃនេះ ម្តង​ថ្ងៃនោះ មិនបាន​ប្រគល់​ច្បាប់ដើម​ឲ្យ​ទេ ។​
​យោងតាម​ឯកសារ​ប្រមែប្រមូល អាច​សន្និដ្ឋានបានថា ៖ ឈ្មោះ យ៉ាន់ ចំណាប់ ពិតជា​បានធ្វើ​លិខិត​បង្គាប់ការ លេខ ០៣៨ អ​អរ​/២១ ចុះ​ថ្ងៃទី​២៦.០១.២០២១ ចុះហត្ថលេខា​ដោយ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី (​ឯកសារ​ក្លែងក្លាយ​) និង បាន​យក​លិខិត​បង្គាប់ការ​នេះ​ទៅ​ឲ្យ​ឈ្មោះ សួន ផល្លី ប្រើប្រាស់​កាលពី​ថ្ងៃទី​២៨.០១.២០២១ ពិតប្រាកដ​មែន​។ ចំណែក​ឈ្មោះ​សួន ផល្លី ក៏បាន​យក​លិខិត​បង្គាប់ការ​នេះ​ដដែល​ទៅ​ឲ្យ​ឈ្មោះ យ៉ែម សារឿន ប្រើប្រាស់​ពិតប្រាកដ​មែន​។​
​ឯ​ឈ្មោះ​យ៉ែម សារឿន បាន​យក​លិខិត​នេះ​ទៅ​ឲ្យ​ឈ្មោះ​ម៉េង ដើម្បី​យកទៅ​សួរ ស្មៀន ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដើម្បី​ដាក់​ឲ្យ​អនុវត្ត ។ ការធ្វើ​លិខិត​បង្គាប់កា​រ​នេះ​ជា​ថ្នូរ​នឹង​ការផ្តល់ប្រាក់​ត្រឡប់មកវិញ​ឈ្មោះ​យ៉ែម សារឿន ផ្តល់ប្រាក់ ចំនួន​២១.០០០$ (​ពីរម៉ឺន​មួយ​ពាន់​ដុល្លារ​) ទៅ​ឲ្យ​ឈ្មោះ​សួន ផល្លី ហើយ​ឈ្មោះ​សួន ផល្លី បាន​យកប្រាក់ ចំនួន​២០.០០០$ (​ពីរម៉ឺន​ដុល្លារ​)​ឲ្យ​ទៅ​ឈ្មោះ យ៉ាន់ ចំណាប់ កាលពី​ថ្ងៃទី​១៨.០១.២០២១ វេ​ល​ម៉ោង ១៣:០០​នាទី ។ បើតាម​កិច្ចសន្យា​ធ្វើឡើង​រវាង​ឈ្មោះ​យ៉ែម សារឿន និង​ឈ្មោះ​សួន ផល្លី នៅពេលណា​ដែល​ឈ្មោះ​សួន ផល្លី រត់ការ​បានសម្រេច លើ​ការស្នើរ​សុំ ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ នៃ​ដី​ទំហំ​ប្រហែល​៨.៦០​ហិច​តា ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល គឺ​តម្រូវ​ឲ្យ​ឈ្មោះ​យ៉ែម សារឿន ផ្តល់ប្រាក់​ចំនួន ១.៥០០.០០០$ (​មួយ​លាន​ហាសិប​ម៉ឺន​ដុល្លារ​) ទៅ​ឲ្យ​ឈ្មោះ​សួន ផល្លី​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×