ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងធ្លាក់ភ្នែកបានបើករថយន្ត CRVក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតជ្រុលទៅប៉ះខឿនផ្លូវនិងម៉ូតូ រួចបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសនារី២នាក់ ជាម្ចាស់ម៉ូតូធ្ងន់ស្រាល និងបាក់របងផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ផ្ទាំង។ ចំណែកតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃសៅរ៍ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ចំណុចរង្វង់មូលតាព្រហ្ម ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកCRV ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2-AB 6765 បើកបដោយបុរសម្នាក់ទំនងជាស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បម្រុងនឹងបត់ឆ្វេងស្រាប់តែរេចង្កូតជ្រុលទៅប៉ះខឿនផ្លូវនិងម៉ូតូឃ្លីក ពណ៌ក្រហមមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1-FV 2583 ជិះដោយនារី២នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល រួចបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យបាក់របងអស់ចំនួន៣ផ្ទាំងបន្ថែមទៀត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងជំនាញចរាចរណ៍ខណ្ឌជ្រោយចង្វា ចុះមកដល់ រួចបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុហៅរថយន្តស្ទូច មកស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅខាងជំនាញការ រិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត











