ភ្នំពេញ ៖ រថយន្តបែនដឹកដី១គ្រឿងកំពុងបើកបរក្នុងល្បឿនលឿន បានវាក់ជាមួយរថយន្តលាយបេតុង១គ្រឿងទៀត នៅខាងមុខ ក៏ជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម ទើបឈប់ស្ងៀម ហើយរថយម្តនេះ បានរងការខូចខាតខ្ទេចមុខ តែសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួសឡើយ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចមុខក្រុមហ៊ុនលាយបេតុង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបែននោះម៉ាកFUSOកង់៦ បែនដឹកដី១គ្រឿង ពណ៌ផ្ទៃមេឃពាក់ផ្លាកលេខចង្កូតស្ដាំPP-1479 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ពុំមានរងរបួសនោះឡើយ ។ នៅមុនពេលកើតហេតុ រថយន្តនេះដឹកដីពេញទ្រុងហើយបានបើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនលុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវាក់ជាមួយរថយន្តលាយបេតុង១គ្រឿង នៅខាងមុខទើបកាច់ចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់១ដើម។ ចំណែករថយន្តនោះបានរងការខូចខាតខ្ទេចមុខ ប៉ុន្តែពុំបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ ហើយក្រោយពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅនាំយករថយន្តនោះទៅរក្សាទុក និងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម




