ភ្នំពេញៈ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានប្រាប់ CEN នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈនេះថា សមត្ថកិច្ចបានចាប់មនុស្សពីរនាក់ (ប្រុស ១នាក់ ស្រី ១នាក់) កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២១ ។ ជនសង្ស័យ០២នាក់ដែលកម្លាំងសមត្ថកិច្ចាប់ខ្លួន ទី១. ឈ្មោះ ធន ចន្ទ័ថា ភេទប្រុស អាយុ៤៤ឆ្នាំ និងទី២. ឈ្មោះ ម៉ី សុផន ភេទស្រី អាយុ៤៣ឆ្នាំ។
លោក សាន សុខសីហា បានបញ្ជាក់ថា “ការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ គឺទាក់ទងទៅនឹងការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាតិ ពាក់ព័ន្ធទៅនឹងការបំភ្លៃព័ត៌មានចាក់វ៉ាក់សាំងកូវីដ១៩។ ហើយសមត្ថកិច្ចកំពុងតែធ្វើការសាកសួរ បន្ទាប់ពីធ្វើការសាកសួររួចនឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ ២០២១នេះដើម្បីអនុវត្តនីតិវិធីបន្ត៕ រក្សាសិទ្ធិដោយ: ចេស្តារ



