ភ្នំពេញ ៖ ជនសង្ស័យមានគ្នាពីរនាក់បានជិះម៉ូតូម៉ាកស្គុបពី មួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីរនារីរងគ្រោះ បានសម្រេចរួចបានជិះរត់គេចខ្លួនបាត់ស្រមោល។ សំណាងដែរនៅក្នុងកាបូបអត់មានរបស់មានតម្លៃ មានតែកាតបសស និងអត្តសញ្ញាណប័ណ្ណ។
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១០ នង១៥នាទីយប់ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីរនារីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ មួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ធំ 1P 7752 ជិះឌុបគ្នាជាមួយនិងប្តីចេញពីលេងផ្ទះម្តាយនៅម្តុំចំការដូង រួចបានត្រឡប់មកវិញធ្វើដំណើរ តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចមកកើត គោលបំណងវិលត្រឡប់ទៅផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុខាងលើ មុខវត្តស្ទឹងមានជ័យ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូស្គុបពី មួយគ្រឿងមិនចាំផ្លាកលេខ បានឈោងដៃទៅទាញយកកាបូបពីនារីរងគ្រោះបានសម្រេច រួចជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ដោយមិនរំខានសមត្ថកិច្ច។ ដោយឡែកសំណាងល្អដែលនៅក្នុងកាបូបបាត់តែប័ណ្ណបសស និងអត្តសញ្ញាណប័ណ្ណ រួមទាំងកងដៃកាឡៃមួយខ្សែ។
ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការសួរនាំឲ្យជនរងគ្រោះ ត្រូវជាប្តីនិងប្រពន្ធទៅដាក់ពាក្យបណ្តឹង ងាយស្រួលសមត្ថកិច្ចតាមរកមុខសញ្ញាតាមឃាត់ខ្លួន។ ដោយឡែកជនរងគ្រោះមិនចង់វែងឆ្ងាយ ក៏សុំមិនដាក់ពាក្យបណ្តឹងសុំយកម៉ូតូទៅវិញវិញ៕ រក្សាសិទ្ធិដោយ៖សា មេត









