Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពង្រីក​ផ្លូវជាតិ​លេខ​៤៨ កាន់តែ​ធ្វើឱ្យ​ខេត្តកោះកុង មាន​សក្តានុពល ខណៈ​មាន​ក្រុមហ៊ុន​កាន់តែច្រើន​បានមក វិនិយោគ នៅក្នុង​ខេត្ត​មួយ​នេះ​

​ភ្នំពេញ​៖ អភិបាលខេត្ត​កោះកុង លោកជំទាវ មិថុនា ភូ​ថង បានឱ្យដឹង​ថ្មីៗ​នេះ​ថា ការពង្រីក​ផ្លូវជាតិ​លេខ​៤៨ នឹងធ្វើ​ឲ្យ ខេត្តកោះកុង កាន់តែ​រីកចម្រើន និង​មាន​សក្តានុពល​ថែមទៀត ខណៈ​ក្រុមហ៊ុន​កាន់តែច្រើន​បានមក​វិនិយោគ​នៅក្នុង​ខេត្ត មួយ​នេះ​។​

​លោកជំទាវ បាន​មានប្រសាសន៍ថា បើសិនជា​គ្មាន​ការប្រែប្រួល​អ្វី​នោះទេ ការពង្រីក​ផ្លូវជាតិ​លេខ​៤៨ ជា​បួន​គន្លង​ក្រោម ជំនួយ​របស់​សាធារណៈរដ្ឋ​កូរ៉េ នឹង​ចាប់ផ្តើម​នៅ​ខែមីនា​នេះ​។ លោកជំទាវ បាន​មានប្រសាសន៍ថា ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ដេញថ្លៃ ក្រុមហ៊ុន ដើម្បី​ស្ថាបនា​ផ្លូវ​នេះ​រួចរាល់​ហើយ ដោយ​ការពង្រីក​ផ្លូវ​នឹងធ្វើ​នៅក្នុង​ខែមីនា​នេះ ។​

​សូមជម្រាបថា កាលពីពេល​កន្លងទៅ ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​) សាខា​កំបូល នា​ថ្ងៃទី​០៧ តុលា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន ឱ្យដឹងថា ផ្លូវជាតិ​លេខ​៤៨ ពី​ស្រែអំបិល ទៅ​កោះកុង នឹងត្រូវ​លើក​កម្រិត​គុណភាព​ផ្លូវ​ទៅជា បេតុង​កៅស៊ូ AC ខណៈ​ក្រសួង កំពុង​ពិភាក្សា​ជាមួយ​ភាគី​កូរ៉េ និង​រៀបចំ​ដាក់​ដេញថ្លៃ​ហើយ​។ ក្នុងនោះ មាន​៤​កន្លែង នឹងត្រូវ​ពង្រីក​ដល់ ៤​គន្លង​។​

​គួរ​កត់សម្គាល់ថា ផ្លូវជាតិ​លេខ​៤៨ ដែលមាន​ប្រវែង​សរុប​ចំនួន ១៥០​គីឡូម៉ែត្រ គិត​ចាប់ពី​ផ្លូវ បំបែក​ស្រែអំបិល​ដល់ទី​រួម​ខេត្តកោះកុង កន្លងមក ត្រូវ​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេងៗ​ផងដែរ​។​

​ដោយសារ​ផ្លូវ​នេះ ជា​ច្រករបៀង​សេដ្ឋកិច្ច​ប្រកបដោយ​សក្ដានុពល សម្រាប់​ការនាំចេញ​-​នាំចូល​រវាង​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់ រាជរដ្ឋាភិបាល បានសម្រេច​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​នេះ​ពី​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) ទៅជា​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ​(AC) ដើម្បី​បង្កើន​សកម្ម ភាព ដឹកជញ្ជូន​បន្ថែម រួមចំណែក​ដល់​ការលើកកម្ពស់​សេដ្ឋកិច្ចជាតិ សម្រួល​ដល់​ការធ្វើដំណើរ​ក្នុង​តំបន់ និង​កាត់បន្ថយ​ភាពក្រីក្រ​តាម​ផែនការ​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×