ភ្នំពេញ ៖ ប្រិយមិត្តបានដឹងហើយ ពីមេក្លោងចោរប្លន់វ័យក្មេង មានឈ្មោះថា អ៊ឹម សុវណ្ណារិទ្ធ ដែលត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បាញ់សម្លាប់ចោល ក្នុងចំណោមបក្ខពួក៤នាក់ បន្ទាប់ពីពួកគេបានចូលប្លន់ភូមិគ្រឹះមួយនៅក្នុងបុរីអង្គរភ្នំពេញ ដែលជាព័ត៌មានដ៏កក្រើកកាលពីម្សិលមិញនេះ។
យ៉ាងណាមិញ ក្រោយពីរូបភាពជាច្រើនរបស់មេខ្លោង អ៊ឹម សុវណ្ណារិទ្ធ ត្រូវបានគេចែករំលែកព្រោងព្រាត ដោយជិះសុទ្ធតែរថយន្តទំនើប និងរស់នៅក្នុងផ្ទះវីឡាដ៏ឡូយឆាយ ជាពិសេសគឺមានសក្កិពាក់ ក្នុងនាមជាមន្ត្រីនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស «ក្លែងក្លាយ» ជាហេតុធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ទៅលើមុខមាត់របស់គេ គឺស្រដៀងគ្នាបេះដាក់ ទៅនឹងឃាតករឈ្មោះ យឺន វណ្ណដេត ដែលក៏ជានាយទាហាននៅអង្គភាពង៧០ មានឋានន្តរសក្តិវរសេនីយ៍ត្រី ដែលបានបាញ់សម្លាប់សង្សារខ្លួនឯងជានិស្សិតពេទ្យ និងប្រកបរបរលក់ឡេតាមអនឡាញ កាលពីអំឡុងខែមករា ឆ្នាំ២០២០ កន្លងទៅ។ ដោយសារតែមានមុខមាត់សឹងតែដូចគ្នា ហើយក៏ការងារជាទាហានដូចគ្នាទៀតនោះ ជាហេតុធ្វើឲ្យមនុស្សមួយចំនួនយល់ច្រឡំថា ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ គឺជាឃាតករសម្លាប់សង្សារខ្លួនជានិស្សិតពេទ្យ ទៀតផង។
ក្នុងនោះ តាមរយៈគណនីហ្វេសប៊ុកកូនខ្លាតូច ឬ ទេព សូលីដា ឬហៅថាកញ្ញា ដា ដែលជាតារាចែករំលែកព័ត៌មានដ៏ល្បីឈ្មោះម្នាក់ បានបង្ហោះសារលើកឡើងគួរឲ្យភ្ញាក់ផ្អើលថា៖ «បងប្អូនគិតដូចខ្ញុំទេ មនុស្ស ២ នាក់នេះ មានមុខមាត់ស្រដៀងគ្នាដល់ហើយ ការងារក៏ស្រដៀងគ្នា សាហាវក៏ដូចគ្នា ម្នាក់ឈ្មោះ Yeun Vandet បានប្រើប្រាស់អាវុទ្ធបាញ់សម្លាប់គូដណ្តឹង ហើយរត់គេចខ្លួនតាមចាប់មិនទាន់បានទេជាងមួយឆ្នាំហើយ ហើយម្នាក់ទៀតឈ្មោះ Vannna Rith ជាចោរប្លន់ដែលគេបាញ់សម្លាញ់ក្នុងថ្ងៃនេះ កំពុងតែឆ្ងល់ថា វាជួនម្ល៉េះមុខដូចគ្នា ហើយការងាដូចគ្នា សាហាវដូចគ្នាទៀត ហ៊ឹម..អត់យល់មែនតាស់»។
លើសពីនេះទៀត ដោយសារតែឃើញរូបសង្សារមេក្លោង ស្រដៀងនឹងគូដណ្តឹងឃាតករ យឺន វណ្ណដេត ក៏បានធ្វើឲ្យអ្នកខ្លះទៀត ចេញមកនិយាយទាំងគួអស់សំណើចថា៖ «កុំតែលោកចោរស្លាប់ អត់ដឹងមុខឃាតករដែលបាញ់សម្លាប់សង្សាររបស់ខ្លួឯង ដ៏ស្រស់ស្អាតម្នាក់នេះសោះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










