ភ្នំពេញ ៖ បុរសជនជាតិស្បែកខ្មៅ២នាក់ បើករថយន្តម៉ាកព្រូសបត់ឆ្វេងចូលបុរី ត្រូវបានយុវជន២នាក់ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលមកបុកបណ្ដាលឲ្យយុវជន២នាក់ រងរបួសម្នាក់បាក់ភ្លៅ ចំណែកម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខបុរីពិភពថ្មី២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុរសជនជាតិស្បែកខ្មៅ ដែលចេះភាសាខ្មែរតិចៗ បានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុពួកគេទាំងពីរនាក់ បានបើករថយន្តម៉ាកព្រូសពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BD -2612 ចេញពីផ្ទះបើកតាមផ្លូវព្រៃស ក្នុងទិសដៅពីលិចទៅកើតស្រាប់តែមកដល់ចំណុចកើតហេតុ គេក៏បានបត់ឆ្វេងចូលមកបុរីពិភពថ្មី ដើម្បីមកលេងផ្ទះមិត្តភក្តិ ពេលនោះស្រាប់តែមានយុវជនពីរនាក់ ជិះម៉ូតូម៉ាកស្គុបពីពណ៌ផ្កាឈូក ពាក់ផ្លាកលេខភ្នំពេញ1FF-5097 មកក្រោយក្នុងល្បឿនលឿន ក៏ជ្រុលមកបុកចំកញ្ចក់មើលក្រោយបណ្ដាលឲ្យបាក់និងកំពឹតរថយន្តផ្នែកខាងមុខចំហៀងខាងឆ្វេង រីឯយុវជន២នាក់នោះ អ្នកឌុបរងរបួសស្រាល និងម្នាក់ទៀតជិះនៅខាងក្រោយ រងរបួសបាក់ភ្លៅខាងស្ដាំ ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពហុព្យាបាលស និងសម្ភពម្លិះដង្កោ ដឹកយកទៅសង្គ្រោះ ។
បើតាមសំដីប្រជាជនរងគ្រោះឈ្មោះទី ណាអាយុ ២១ ឆ្នាំមុខរបរជាបុគ្គលិក នៅការ៉ាស់សាំងមួយកន្លែង ស្ថិតនៅម្ដុំរង្វង់មូលគួរស្រូវ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគេជាម្ចាស់ម៉ូតូហើយឌុបជនរងគ្រោះចេញពីផ្ទះបំណងទៅធ្វើការនៅកន្លែងការាសសាំង ពេលនោះគេបានជិះម៉ូតូស្របជាមួយនឹងរថយន្ត ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តបានវ៉ៃស៊ីញ៉ូបត់ឆ្វេងភ្លាម ធ្វើឲ្យគេចាប់ហ្រាំងមិនទាន់ក៏ជ្រុលទៅបុកតែម្ដងទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការគួសវាស យករថយន្តនិងម៉ូតូមកដាក់អែបខាង រួចឲ្យភាគីទាំងសងខាងចរចាគ្នា ដោយសារតែភាគីទាំងសងខាងចរចាមិនត្រូវគ្នា សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងធ្វើការវាស់វែងយករថយន្តនគរបាលយកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌដង្កោរង់ចាំឲ្យភាគីទាំងសងខាង មកដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕ រក្សាសិទ្ធិដោយ៖មីដា






